×

កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម

ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានប្តេជ្ញាចិត្តជាថ្មី ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។


យោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជំនួបពិភាក្សានេះ ផោ្តតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងអូស្រ្តាលី និងជាពិសេសការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតអូស្ត្រាលី បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេស ការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ នាពេលខាងមុខ។
ក្នុងក្របខណ្ឌតំបន់ ឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូនថា អូស្ត្រាលី នឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។
ដោយឡែកក្របខណ្ឌទ្វេភាគី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូស្ត្រាលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។
លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលី ដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង