អាមេរិក៖ ក្រុមហ៊ុន Merck នឹងផ្តល់អាជ្ញាបណ្ណដោយឥតគិតថ្លៃ សម្រាប់ការផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ខ្លួន ដល់អង្គការមិនរកប្រាក់ចំណេញ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យថ្នាំនេះត្រូវបានផលិត និងលក់ក្នុងតម្លៃទាប នៅក្នុងប្រទេសក្រីក្រ។
កិច្ចព្រមព្រៀងរបស់ Merck ជាមួយអង្គការ Medicines Patent Pool នឹងអនុញ្ញាតឱ្យក្រុមហ៊ុននៅក្នុងប្រទេសចំនួន ១០៥ ដែលភាគច្រើននៅទ្វីបអាហ្រ្វិក និងអាស៊ី ផ្តល់អាជ្ញាបណ្ណបន្តសម្រាប់ការផលិតថ្នាំប្រឆាំងមេរោគកូវីដ១៩ ដែលមានឈ្មោះថា Molnupiravir ។
ក្រុមហ៊ុន Merck បានរាយការណ៍នៅខែនេះថា ថ្នាំគ្រាប់នេះបានកាត់បន្ថយពាក់កណ្តាលអត្រានៃការចូលមន្ទីរពេទ្យ និងការស្លាប់ សម្រាប់អ្នកជំងឺកូវីដ១៩ដែលមានហានិភ័យខ្ពស់ ដែលបានលេបវាភ្លាមៗ បន្ទាប់ពីការឆ្លងនៅក្នុងការសាកល្បងព្យាបាលដ៏ធំមួយ។
អ្នកផលិតឱសថនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងដាក់លក់ថ្នាំនេះក្នុងតម្លៃត្រឹមតែ ២០ដុល្លារ (ព្យាបាលរយៈពេល ៥ ថ្ងៃ)៕
ប្រភព៖ The New York Times