×

មន្ទីរសុខាភិបាល​ខេត្តបាត់ដំបង នឹង​ដាក់​ឱ្យដំណើរការ​អគារ​ព្យាបាល​កូវីដ១៩​កម្រិត​ធ្ងន់ថ្នាក់តំបន់​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត

បាត់ដំបង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នឹងដាក់ឱ្យដំណើរការអគារព្យាបាលជំងឺកូវីដ១៩កម្រិតធ្ងន់ ថ្នាក់តំបន់ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នាពេលខាងមុខនេះ ក្រោយពីសាងសង់រួច។

មន្រ្តីសុខាភិបាលខេត្តបានឱ្យដឹងដូច្នេះ ខណៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុ ប្រធានគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះពិនិត្យអគារព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់ខេត្តបាត់ដំបង ដែលស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនាចុងសប្តាហ៍នេះ។

មន្រ្តីមន្ទីរសុខាភិបាលខេត្តឱ្យដឹងទៀតថា អគារព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់នេះ កំពុងតែសាងសង់និងបំពាក់ឧបករណ៍វិទ្យាសាស្ត្រជិតរួចហើយ គ្រោងដាក់ឱ្យដំណើរការនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ អាចដាក់គ្រែសម្រាប់អ្នកជំងឺ ជាង ៣០០ នាក់ នៅពេលដំណើរការ។

សូមបញ្ជាក់ថា ការរៀបចំអគារព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ ថ្នាក់តំបន់នេះ ស្របពេលដែលអាជ្ញាធរខេត្តបាត់ដំបង កំពុងបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបង ទៅដាក់ឱ្យព្យាបាលរួមគ្នា នៅមណ្ឌលព្យាបាលកូវីដ១៩ថ្មី មួយកន្លែង ស្ថិតនៅភូមិ អូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលទ្ធភាពផ្ទុកអ្នកជំងឺជិត២០០០នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង