×

ចង់ឆាប់​មានកូន ក្នុង​របបអាហារ​ត្រូវមាន​សារធាតុ​ចិញ្ចឹម​ទាំងនេះ

រឿងមានកូនមានចៅ ជាក្តីសង្ឃឹមសម្រាប់ជីវិតយើងគ្រប់គ្នា ពិសេសគ្នាយើងទើបចាប់ដៃគ្នាសាងគ្រួសារ។ ប៉ុន្តែរឿងមានកូនម្នាក់ពីរនឹងគេ ក៏មិនងាយស្រួលដែរ ព្រោះមានប្តីប្រពន្ធមិនតិចទេ រៀបការរាប់ឆ្នាំ នៅតែគ្មានកូន ខំយ៉ាងណានៅតែគ្មាន មានតែរកពេទ្យឱ្យជួយប៉ុណ្ណោះ។ យ៉ាងណា ក្រៅពីវេជ្ជសាស្ត្រ ធាតុផ្សំក្នុងរបបអាហារ ក៏អាចជួយឱ្យឆាប់មានកូនបានដូចគ្នា “Hello គ្រូពេទ្យ” នឹងណែនាំសារធាតុចិញ្ចឹមពិសេសៗមួយចំនួន ប្រហែលអាចជួយគ្នាយើងឆាប់មានកូនបាន។

១- សារធាតុរ៉ែ និងវីតាមីន

ផ្អែកលើការសិក្សាជាច្រើន សារធាតុរ៉ែ និងវីតាមីនមួយចំនួន គឺមានប្រសិទ្ធភាពអាចជួយឱ្យឆាប់មានកូន ក្នុងនោះមានដូចជា៖

– វីតាមីន D៖ នៅក្នុងការសិក្សាកាលពីពេលថ្មីៗ ទៅលើស្រីៗសរុប ៦៧នាក់ សុទ្ធសឹងគ្មានកូននឹងគេ។ ការសិក្សារកឃើញថា ក្នុងចំណោមស្រីៗទាំងនោះ មានតែ ៧ ភាគរយប៉ុណ្ណោះមានកម្រិតវីតាមីន D ធម្មតា ខណៈវីតាមីន D គឺចាំបាច់សម្រាប់រាងកាយ ក្នុងការបង្កើតអ័រម៉ូនភេទ ដែលមាននាទីគ្រប់គ្រងលើការបង្កកំណើត។

– វីតាមីន E៖ វីតាមីន E អាចជួយបង្កើនដល់សុខភាពមេជីវិតឈ្មោល និងចលនាទឹកកាម ជួយកាត់បន្ថយហានិភ័យវិវត្តមិនប្រក្រតីនៃហ្សែនកូន ដោយវានឹងទៅរពារមេជីវិតឈ្មោល រក្សាភាពត្រឹមត្រូវនៃ DNA មេជីវិតញី។

– CoQ 10៖ CoQ 10 គឺជាសារធាតុមួយ មានសារៈសំខាន់សម្រាប់ផលិតថាមពលក្នុងរាងកាយ ជួយការពារសុខភាពមេជីវិតញី និងមេជីវិតឈ្មោល ពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។

– វីតាមីន C៖ យោងតាមការសិក្សាពីការមានកូន និងគ្មានកូន បង្ហាញថា វីតាមីន C អាចជួយឱ្យគុណភាពចលនាមេជីវិតឈ្មោលប្រសើរឡើង និងការពារពីការបំផ្លាញរបស់ DNA។ ចំពោះស្រីៗវិញ វីតាមីនប្រភេទនេះ ជួយបង្កើនកម្រិតអ័រម៉ូន ជួយឱ្យឆាប់មានកូន និងជួយដល់ការបឺតស្រូបជាតិដែកបានល្អផងដែរ។ កាន់តែពិសេសទៀតនោះ វីតាមីន C អាចជួយកាត់បន្ថយឱកាសរលូតកូន និងបញ្ហាក្រូម៉ូសូមដូចគ្នា។

– អាស៊ីដ Lipoic៖ អាស៊ីដ Lipoic ជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយ អាចការពារសរីរាង្គបន្តពូជស្រីៗបាន និងជួយគុណភាព ក៏ដូចជាចលនាមេជីវិតឈ្មោល កាន់តែប្រសើរឡើង។

– វីតាមីន B6៖ វីតាមីន B6 ជួយសម្របសម្រួលអ័រម៉ូន ទៅលើស្រីៗមានបញ្ហាខូចខាតមេជីវិតញីដោយសារវដ្ដរដូវ (Luteal Phase) ដោយសារវីតាមីននេះ អាចទៅរំខានដល់វដ្តរដូវស្រីៗបាន។

– វីតាមីន B12៖ វីតាមីន B12 មាននាទីជួយពង្រឹងជញ្ជាំងស្បូន ធ្វើឱ្យដំណើរពពោះយើងកាន់តែប្រសើរឡើង។

– អាស៊ីដហ្វូលិក (B9)៖ អាស៊ីដហ្វូលិក ឬវីតាមីន B9 អាចជួយការពារការវិវត្តមិនប្រក្រតីពីកំណើតរបស់គភ៌អំឡុងពេលពពោះ និងការពារផលវិបាកអំឡុងពេលពពោះមួយចំនួន ដូចជា ករណីកូនកើតមុនខែ រហែកសុក និងលើសឈាមពេលពពោះ។

– ថ្នាំជាតិដែក៖ ញ៉ាំជាតិដែកមិនគ្រប់គ្រាន់ អាចបង្កឱ្យសុខភាពមេជីវិតញីមិនល្អ និងធ្វើឱ្យការបង្កកំណើតមានភាពខ្វះខាត។

– សេលេញ៉ូម៖ សេលេញ៉ូម ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារមេជីវិតញី និងមេជីវិតឈ្មោលពីរ៉ាឌីកាល់សេរី។

– ស័ង្កសី៖ ញ៉ាំជាតិស័ង្កសីគ្រប់គ្រាន់ អាចជួយបង្កើនកម្រិតមេជីវិតឈ្មោល ជួយដល់ការបង្កើនទម្រង់ មុខងារ និងគុណភាពមេជីវិតឈ្មោលឱ្យកាន់តែប្រសើរឡើង។

– អាស៊ីដខ្លាញ់៖ អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយជំរុញឱ្យឆាប់មានកូន តាមរយៈការសម្របសម្រួលអ័រម៉ូនក្នុងរាងកាយ។

២- ប្រូតេអ៊ីន

យោងតាមការសិក្សាមួយ ពីកម្មវិធីកិច្ចប្រជុំគ្លីនិកប្រចាំឆ្នាំ នៃមហាវិទ្យាល័យសម្ភព និងរោគស្ត្រី នៅអាមេរិក របបអាហារដែលសម្បូរប្រូតេអ៊ីន ត្រូវបានអះអាង មានឥទ្ធិពលវិជ្ជមានទៅលើការចង់មានកូន។ ស្រីញ៉ាំអាហារមានប្រូតេអ៊ីនខ្ពស់ នឹងមានមេជីវិតញី ក៏ដូចជាអំប្រ៊ីយ៉ុង ល្អជាងស្រីៗមានរបបអាហារធម្មតា។

៣- ជាតិខ្លាញ់

នៅពេលបរិមាណជាតិខ្លាញ់ក្នុងខ្លួនកើនឡើង នោះជាតិស្ករក្នុងឈាមក៏កើនឡើងដូចគ្នា នាំឱ្យរាងកាយខិតខំផលិតអាំងស៊ុយលីន ដើម្បីបំបែកជាតិស្ករទាំងនោះ។ ដូច្នេះបើកម្រិតជាតិខ្លាញ់ក្នុងខ្លួនយើងនៅតែបន្តកើនឡើង នោះរាងកាយនឹងមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ក្នុងការបំបែកជាតិស្ករឡើយ។ ព្រោះបើកម្រិតអាំងស៊ុយលីនខ្ពស់ អាចបណ្តាលឱ្យរំខានដល់ការធ្វើមេតាប៉ូលីសក្នុងរាងកាយ ទើបវាអាចប៉ះពាល់ដល់ការបញ្ចេញពងមេជីវិតញីបាន។

៤- សារធាតុប្រឆាំងអុកស៊ីតកម្ម

រ៉ាឌីកាល់សេរីនៅក្នុងខ្លួន អាចបំផ្លាញកោសិកាបាន រួមទាំង កោសិកាបន្តពូជ មេជីវិតឈ្មោល កោសិកាស្បូន អូវែ ក្រពេញទីរ៉ូអ៊ីត ក្រពេញអ៊ីប៉ូភីស ជាដើម។ រ៉ាឌីកាល់សេរី កើតចេញពីជាតិពុល ភាពតានតឹង ថ្នាំសម្លាប់សត្វល្អិត ជំងឺ ហាត់ប្រាណហួសកម្រិត និងការត្រូវកម្តៅថ្ងៃច្រើនពេក។

៥- ជាតិសរសៃ

ជាតិសរសៃ ចាំបាច់ណាស់សម្រាប់ការរំលាយអាហារ និងរក្សាលំនឹងអ័រម៉ូនក្នុងខ្លួន។ សារជាតិចិញ្ចឹមចាំបាច់មួយនេះ អាចគ្រប់គ្រងលើជាតិស្ករក្នុងឈាម ស្រដៀងនឹងខ្លាញ់ Trans-fat អាចប៉ះពាល់ដល់កម្រិតអាំងស៊ុយលីន។ ញ៉ាំអាហារសរសៃ មានសារៈសំខាន់ណាស់ចំពោះមនុស្សទូទៅ ពិសេសសម្រាប់ស្រីៗមានជំងឺដុំគីសទឹកលើក្រពេញអូវែ (PCOS) និងជំងឺរលាកភ្នាសស្បូន ក៏ដូចជាគ្នាយើងចង់មានកូនតែម្តង។ ញ៉ាំអាហារជាតិសរសៃច្រើន អាចជួយកាត់បន្ថយបញ្ហាបង្កកំណើតមួយចំនួន ដូចជា ជំងឺដុំគីសទឹកលើក្រពេញអូវែ PCOS និងបញ្ហាប្រព័ន្ធភាពស៊ាំផ្សេងទៀត៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង