អត្ថបទ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចង់យកវ៉ាក់សាំងកូវីដ១៩ ទៅថៃ ដើម្បីចាក់ឱ្យពលរដ្ឋខ្មែរដែលនៅទីនោះ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា «យើងបានពិភាក្សាគ្នាខ្លះដែរជាមួយភាគីថៃ ដូច្នេះប្រសិនថា បានឬមិនបាន សូមពលរដ្ឋខ្មែរយើងនៅថៃមានការយោគយល់ ព្រោះវាអាស្រ័យលើរដ្ឋាភិបាលថៃដែរ តើអនុញ្ញាតដែរឬទេ»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង១៣លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន បានទទួលចាក់វ៉ាក់សាំងបាន១០០ភាគរយដែរ៕