×

ពិតជាចម្លែក! កូនគោ​មួយក្បាល កើតមក​មានជើង៦ និង​ដុះជើង​ចេញពីបូក

កំពង់ស្ពឺ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីកូនគោមួយក្បាល បានកើតមកមានជើងរហូតដល់ទៅ៦ និងជើងចំនួន ២ បានដុះចេញពីលើបូករបស់វា។ ករណីនេះបានកើតឡើងនៅក្នុងភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសត្វគោឈ្មោលមួយក្បាលនេះ បានកើតកាលពីថ្ងៃ៣១ ខែតុលា ឆ្នាំ២០២១។

លោក ហ៊ឹម ហ៊ីម អាយុ ៥៥ឆ្នាំ និងលោកស្រី ប៉ុល នី អាយុ ៤៥ឆ្នាំ ដែលជាម្ចាស់សត្វគោចម្លែកនេះ បានឱ្យដឹងថា សត្វគោរបស់គាត់បានកើតកូនមានចំនួន ២ដងមកហើយ ដោយកូនទីមួយបានងាប់ភ្លាមៗក្រោយកើតមកធ្លាក់បាក់កងាប់។ ចំណែកកូនទី២នេះ បានកើតមកមានរូបរាងដូចគោធម្មតា មានសុខភាពល្អ តែចម្លែកត្រង់ថា គោនេះមានជើងរហូតដល់ទៅ៦។ ចំពោះជើងលើស(ជើងទី៦) និងជើងចំនួន២ បានដុះចេញពីចំណុចបូករបស់កូនគោនៃផ្នែកខាងឆ្វេង ដោយមានភ្លៅមួយ និងប្រអប់ជើង២ដុំ ក្រចក៤ ហើយក្រោយកើតវាបានបៅដោះមេវាជាធម្មតា និងមានសុខភាពមាំមួន។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃនេះមានអ្នកដែលមានជំនឿលើបារមីនៅក្នុងភូមិខ្លះ បាននាំគ្នាអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយពីកូនគោចម្លែកនេះ ដោយអ្នកខ្លះបានអះអាងថា ជាព្រះអាទិទេពមកចាប់កំណើតជាសត្វគោ ដើម្បីរំដោះគ្រោះចង្រៃផ្សេងៗ។ ចំណែកអ្នកខ្លះអះអាងថា ជាធម្មជាតិនៃសត្វលោកដែលកើតមកមានរូបរាងមិនប្រក្រតីប៉ុណ្ណោះ៕

 

ដោយ៖ ប៊ុត សារុន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង