×

រថយន្តក្រុង​សាធារណៈ និង​កាណូត ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី២ ខែវិច្ឆិកានេះ

ភ្នំពេញ៖ រដ្ខបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរការឡើងវិញ នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា គិតលុយធម្មតា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករស្វយ័ត្នដឹកជញ្ជូនសារធារណៈ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត យោងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ដូចនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង និងកាណូត ឡើងវិញ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមខ្សែរត់ដូចខាងក្រោម៖

សម្រាប់រថយន្តក្រុង៖ ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ។ ខ្សែទី២ ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ ខ្សែទី៣ ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ខ្សែទី៤A ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ខ្សែទី៤B ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។

ចំពោះកាណូត ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។

ករណីលើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការីនី កីឡាករ-កីឡាការីនី និងគ្រូបង្រៀន។ ចំពោះលក្ខខណ្ឌនៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃ និងអាល់កុល វាស់កម្ដៅ ស្កេន QRcode និងអង្គុយតាមកៅអី ដែលបានរៀបចំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង