ភ្នំពេញ៖ ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ក្នុងនោះ នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក និងចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឱ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច រយៈពេលមួយសប្តាហ៍ ក្នុងរង្វង់ពី២០-២២ ºC រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ខែវិច្ឆិកានេះ។
ដោយឡែក ក្នុងរយៈពេល១សប្ដាហ៍នេះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនិងបណ្តាខេត្តមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ។ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់តិចតួច។ រីឯ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ ៕