×

អាហារកក មានប្រយោជន៍​អ្វីខ្លះ? ទុកយូរ​គ្រោះថ្នាក់​អត់?

សម័យនេះ គ្នាយើងភាគច្រើន ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដើរផ្សារ តែងឆ្លៀតពេលទិញបន្លែត្រីសាច់ម្តងច្រើនៗ ដើម្បីទុកក្នុងទូទឹកកក ចម្អិននៅពេលក្រោយ។ យ៉ាងណា ចំពោះរឿងដាក់អាហារកន្លែងកក ឬទិញអាហារកកពីផ្សារមកញ៉ាំ នៅតែមានសំណួរជាច្រើនចង់ដឹង គ្នាយើងភាគច្រើនជឿថា ដាក់ត្រីសាច់កន្លែងកក បាត់បង់គុណភាព មិនល្អដូចរបស់ស្រស់ៗនោះទេ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹងពន្យល់ពីគុណសម្បត្តិអាហារកក ឱ្យបានដឹងទាំងអស់គ្នា។

១- អាហារកកមានសារធាតុចិញ្ចឹមច្រើន

អាហារប្រភេទនេះ ត្រូវគេប្រមូលយកនៅពេលវាទំល្អ សំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ និងរសជាតិឆ្ញាញ់។ ក្រោយពេលជ្រើសរើសហើយ គេយកវាទៅបង្កកយ៉ាងរហ័ស ហេតុនេះហើយចំពោះកាល់ឡូរី និងសារធាតុចិញ្ចឹមនោះ អាហារកកនៅតែមានសារធាតុចិញ្ចឹម ដូចនឹងអាហារស្រស់ដដែល។ ជាពិសេសត្រី បើប្រៀបធៀបនឹងត្រីចាប់បានពេលតំណាលគ្នា ត្រីកករក្សាភាពស្រស់បានល្អជាងឆ្ងាយណាស់។

២- អាហារកកងាយស្រួលទុកដាក់ និងយកមកញ៉ាំវិញ

ពេលខ្លះគ្នាយើងរវល់នឹងការងារ មិនសូវមានពេលរៀបចំ ធ្វើម្ហូបដោយខ្លួនឯងឡើយ។ បើនិយាយដល់ការរៀបចំវិញ ការបក ចិត កាត់បន្លែ គឺត្រូវប្រើពេលច្រើន ហើយហត់នឿយថែមទៀត។ ក្នុងកាលទេសៈនេះ អាហារកកជាមធ្យោបាយដ៏សក្តិសមបំផុត ដោយសារវាបានវេចខ្ចប់ រៀបចំ និងសម្អាតហើយរួចជាស្រេច។

៣- សន្សំសំចៃ

អាហារកកសក្តិសមនឹងគ្នាយើងដែលមានតម្រូវការអាហារច្រើន។ តែបើត្រូវការតិចតួច ក៏មិនជាបញ្ហាដែរ យើងអាចយកចំណែកនៅសល់ដាក់ក្នុងទូរទឹកកកវិញបាន។ អាហារស្រស់ អាចប្រើមានពេលកំណត់ បើរក្សាទុកលើសកំណត់ វានឹងស្អុយរលួយ ត្រូវបោះចោលហើយ។ បើយើងប្រៀបទាំងពីរនេះ អាហារកក អាចសន្សំសំចៃការចំណាយបាន ដោយកាត់បន្ថយអាហារត្រូវបោះចោល ឬខូច។

៤- រសជាតិឆ្ញាញ់

គ្នាយើងមួយចំនួនធំគិតថា អាហារកកមានរសជាតិអន់ជាងអាហារស្រស់ឆ្ងាយណាស់។ តែការច្នៃប្រឌិត និងថ្វីដៃ អាចចម្អិនម្ហូបឆ្ងាញ់ៗជាច្រើន ដោយប្រើរបស់កកនេះឯង។

៥- ប្រើឱ្យបានត្រឹមត្រូវ

អាហារកក ងាយទុកដាក់ និងយកប្រើឡើងវិញណាស់ តែវាក៏ត្រូវការការរក្សាទុកឱ្យមានសុវត្ថិភាព និងត្រឹមត្រូវផងដែរ។

៦- មិនត្រូវទុកក្នុងសីតុណ្ហភាពបន្ទប់ធម្មតា

សីតុណ្ហភាពបន្ទប់ធម្មតា ចន្លោះពី ២០-២២ អង្សារសេ ដែលជាសីតុណ្ហភាព ល្អសម្រាប់ការលូតលាស់របស់បាក់តេរី។ ការទុកអាហារកកក្នុងសីតុណ្ហភាពបន្ទប់ធម្មតា ត្រឹមតែ ២-៣ ម៉ោងប៉ុណ្ណោះ អាចធ្វើអាហារនោះគ្រោះថ្នាក់ដល់សុខភាពយើងបាន។

៧- គុណសម្បត្តិទូរទឹកកក

វិធីមានសុវត្ថិភាព និងលឿនបំផុតនោះ គឺទុកអាហារកករលាយក្នុងទូរទឹកកក (កន្លែងត្រជាក់ធម្មតា)។ ទោះបីចំណាយពេលយូរ ជាងទុកក្នុងសីតុណ្ហភាពខាងក្រៅ តែអាចការពារការលូតលាស់របស់បាក់តេរី។ គុណប្រយោជន៍មួយទៀតនោះ ងាយនឹងធ្វើឱ្យកកវិញ។

៨- ប្រើទឹកត្រជាក់

វិធីមួយទៀត ដើម្បីយកអាហារមកប្រើវិញបាន គឺត្រាំទឹកត្រជាក់ តែត្រូវប្រុងប្រយ័ត្នចំពោះការវេចខ្ចប់ បើមានចន្លោះប្រហោង ឬរុំមិនជិតត្រង់ណានោះ អាហារនឹងចូលទឹកហើយ។ ម្យ៉ាងវិញទៀត ត្រូវប្តូរឱ្យបានត្រូវពេលវេលា ព្រោះបើទឹកត្រជាក់ខ្លាំង អាហារក៏មិនងាយរលាយទឹកកកអស់ដែរ។ ប៉ុន្តែការប្រើវិធីនេះ អាហារមិនអាចបង្កកវិញបានទេ។

៩- ប្រើម៉ាស៊ីនកម្តៅ

បើសិនចង់យកអាហារកកមកប្រើលឿនឱ្យទាន់ចិត្តនោះ អាចប្រើវិធីនេះបាន។ តែត្រូវប្រយ័ត្នរឿងមួយចំនួន ដូចជា ត្រូវយកថង់ប្លាស្ទិកចេញ ហើយដាក់អាហារក្នុងចានសម្រាប់កម្តៅ។

១០- កំណត់ចំណាំ

ពពួកបន្លែ មិនគួរទុកវារលាយ ឬរំលាយទឹកកកនោះទេ។ ត្រូវដាំទឹកស្រុះឡើងវិញ។ ការទុករលាយ ឬរំលាយទឹកកក អាចធ្វើអោយបាត់បង់សារធាតុចិញ្ចឹមបាន។ ការពិតទៅ អាហារកក មានតម្លៃ និងគុណប្រយោជន៍របស់វា គ្នាយើងគួរសាកល្បងញ៉ាំអាហារប្រភេទនេះ ដើម្បីដឹងពីគុណប្រយោជន៍។ យ៉ាងណាវិញ ត្រូវជ្រើសរើសវិធីរំលាយទឹកកកឱ្យបានត្រឹមត្រូវ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង