នីហ្សេរីយ៉ា៖ មនុស្ស ៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគារស្នាក់នៅខ្ពស់មួយខ្នង បានដួលរលំ នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
មន្ត្រី និងសាក្សី បាននិយាយថា អគារកម្ពស់ ២១ជាន់ ដែលកំពុងសាងសង់ បានដួលរលំនៅក្នុងតំបន់នៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសនីហ្សេរីយ៉ា។ ស្នងការទីក្រុង Lagos បានបញ្ជាក់ពីការស្លាប់នេះ ប៉ុន្តែបានបន្ថែមថា អ្នកនៅរស់រានមានជីវិត ៣នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនៅល្ងាចថ្ងៃចន្ទដដែល។
កម្មករសំណង់ម្នាក់បាននិយាយថា គាត់និងបងប្រុសរបស់គាត់ បានរត់គេចចេញទាន់ពេលវេលា ពេលអគាររៀបនឹងបាក់។ ប៉ុន្តែលោក បានប៉ាន់ស្មានថា មនុស្សជាង ១០០នាក់ នៅក្នុងអគារ នៅពេលដែលវាបានបាក់រលំ។
កម្មករបាននិយាយថា អគារផ្ទះល្វែងខ្ពស់នេះ បាននិងកំពុងដំណើរការសាងសង់អស់រយៈពេលប្រហែលពីរឆ្នាំមកហើយ ហើយភ្លាមៗនោះគេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីបានដួលរលំនោះទេ។
គួរជម្រាបថា ឧប្បត្តិហេតុបែបនេះ គឺជារឿងធម្មតានៅក្នុងទីក្រុង Lagos ដោយសារតែការអនុវត្តច្បាប់សំណង់មានភាពទន់ខ្សោយ៕