×

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យ​សិស្សានុសិស្ស​ទាំងអស់ ប្រើ​បណ្ណចាក់វ៉ាក់សាំង​ជំងឺកូវីដ១៩ ដែល​ថតចម្លង ជំនួស​បណ្ណដើម ដើម្បី​ចៀសវាង​ការខូចខាត ឬបាត់បង់

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលថតចម្លងជំនួសបណ្ណដើម ដាក់តាមខ្លួន ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។ នេះបើយោងតាមសារជាសំឡេងរបស់សម្តេចតេជោ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ និងជនរួមជាតិ។

ក្នុងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ការពាក់បង្ហាញបែបនេះ បណ្ណចាក់វ៉ាក់សាំងរបស់យើង អាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់បណ្ណដែលថតចម្លង ហើយរក្សាបណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយបណ្ណថតចម្លងនេះ ទុកប្រើប្រាស់ពេលសិស្សទៅរៀន។”

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូតាមសាលានានា ជួយសម្របសម្រួលក្នុងការថតចម្លងបណ្ណចាក់វ៉ាក់សាំងនេះ សម្រាប់សិស្សប្រើប្រាស់។

សូមបញ្ជាក់ថា សាលាទាំងរដ្ឋ និងឯកជនគ្រប់កម្រិត បានបើកទ្វារឱ្យសិស្សសិក្សាដោយផ្ទាល់វិញហើយនៅថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញនេះ។ សិស្សដែលចូលរៀនតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ និងលាងសំអាតដៃជាដើម មុនពេលចូលសិក្សា។

ក្នុងសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងសុខាភិបាល និងគណៈកម្មាធិការចំពោះកិច្ចការចាក់វ៉ាក់សាំង និងក្រសួងការពារជាតិ សម្រាប់ផ្នែកចាក់វ៉ាក់សាំង ត្រូវខិតខំធ្វើការចាក់វ៉ាក់សាំង ដោយដាក់ឈ្មោះឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងផ្នែកភាសាអង់គ្លេស ដើម្បីប្រើប្រាស់សម្រាប់មានការចាំបាច់ណាមួយចេញទៅក្រៅប្រទេស ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រសិនការសរសេរឈ្មោះជាភាសាអង់គ្លេសខុសពីលិខិតឆ្លងដែន ក៏ធ្វើឱ្យមានការលំបាកក្នុងការចេញទៅក្រៅប្រទេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង