ចិន៖ អំឡុងឆ្នាំ២០០១ F4 ចិន គឺជារឿងភាគមួយដែលមានសន្ទុះការគាំទ្រខ្លាំងបំផុតរហូតធ្វើឱ្យតារាប្រុសស្រីក្នុងរឿងមួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់។ សម្រាប់ក្រុម F4 ក្នុងរឿងដែលមានសមាជិក ៤នាក់នេះ សុទ្ធសឹងតែជាបុរសសង្ហា បើក្រឡេកមើលជីវិតពិតវិញ Jerry Yan (តោមីងស៊ឺ) នៅតែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈដដែល ដែលភាគច្រើនលេចវត្តមានក្នុងកម្មវិធីកម្សាន្តប៉ុស្ថិ៍ទូរទស្សន៍។
សម្រាប់ Vanness Wu (ម៉ីជូ) វិញ ទោះបីលោកមិនមានវត្តមានក្នុងការសម្តែងក៏ដោយ ប៉ុន្តែលោកគឺជាគណៈកម្មការក្នុងកម្មវិធី Masked Dancing King ២០២១។ រីឯ Vic Chou (គួចាឡឺយ) នៅតែមានសកម្មភាពក្នុងភាពយន្តដដែល។ ប៉ុន្តែបើក្រឡេកមើល Ken Chu (ស៊ីមិន) បែរជានិយាយថា ក្នុងចំណោមសមាជិកទាំង៤នាក់ លោកគឺអន់ជាងគេ។
ទាក់ទិននឹងសម្តីមួយម៉ាត់នេះ Ken Chu បានឱ្យដឹងថា ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងរយៈពេល២ឆ្នាំមកនេះ ហិរញ្ញវត្ថុរបស់លោកធ្លាក់ដល់ចំណុចសូន្យ គ្មានផលិតកម្ម ឬកម្មវិធីណាអញ្ជើញលោកឱ្យចូលរួមឡើយ។ មិនត្រឹមតែប៉ុណ្ណោះអំឡុងពេលផ្ទុះឡើងនៃវិបត្តិកូវីដ១៩នេះដែរ លោកថែមទាំងត្រូវរស់នៅឆ្ងាយពីប្រពន្ធអស់រយៈពេល ៩ខែ ហើយអ្នកទាំងពីរ ក៏បានឆ្លងនូវវីរុសមួយនេះផងដែរ ប៉ុន្តែជាសំណាងដែលត្រូវបានក្រុមគ្រូពេទ្យជួយទាន់ពេលវេលា។
គួរបញ្ជាក់ដែរថា ស្របពេលដែលមិនមានការងារធ្វើ និងគ្មានចំណូលទាល់តែសោះ លោកក៏បាននិយាយទៀតថា មិនថាលោកធ្វើអ្វីឡើយ គឺតែងតែបរាជ័យរហូត ជាហេតុធ្វើឱ្យលោកមានសម្ពាធផ្លូវចិត្តផងដែរ ហើយរយៈពេល២ឆ្នាំមកនេះ លោកបានត្រឹមនៅផ្ទះលេងហ្គេមប៉ុណ្ណោះ៕