×

ញ៉ាំស្ករច្រើន មិនត្រឹមតែ​ទឹកនោមផ្អែមទេ ឆ្អឹង​ក៏​ឆាប់ពុកដែរ

ជាតិស្ករមួយប្រភេទ ហៅថា ហ្រ្វាក់តូស (Fructose) គេច្រើនប្រទះឃើញបំផុតក្នុងម្ហូបអាហារ ដែលងាយធ្វើឱ្យយើងកើតជំងឺធាត់ បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែម។ ក្រៅពីគ្រោះថ្នាក់សុខភាពទាំងនោះ ការសិក្សាថ្មីបង្ហាញថា សារធាតុហ្រ្វាក់តូស ក៏អាចប៉ះពាល់សុខភាពឆ្អឹងដែរ។

១- ញ៉ាំជាតិស្ករហ្រ្វាក់តូសធ្វើឱ្យរាងកាយស្រូបកាល់ស្យូមបានតិច
កាល់ស្យូម ជារ៉ែមួយប្រភេទជួយទ្រទ្រង់រចនាសម្ព័ន្ធឆ្អឹង និងសុខភាពទូទៅ។ រាងកាយយើង មិនអាចផលិតជាតិកាល់ស្យូមបានទេ ដូច្នេះកាល់ស្យូមត្រូវទទួលពីរបបអាហារ។ រាងកាយជាអ្នកគ្រប់គ្រងកម្រិតជាតិកាល់ស្យូម ការស្រូបរបស់ពោះវៀន និងតម្រងទឹកនោម ព្រមទាំងការស្រូប និងបញ្ចេញជាតិកាល់ស្យូមពីឆ្អឹងមានសកម្មភាពច្បាស់លាស់។ ដើម្បីពិនិត្យមើលថា តើជាតិហ្រ្វាក់តូស បង្អាក់ដំណើរសកម្មភាពទាំងនោះដូចម្ដេចខ្លះ ក្រុមអ្នកស្រាវជ្រាវបានផ្ដល់អាហារមានជាតិហ្រ្វាក់តូសខ្ពស់ឱ្យសត្វកណ្ដុរ។
ការស្រូបយកជាតិកាល់ស្យូមរបស់សត្វកណ្ដុរទាំងនោះ មានការធ្លាក់ចុះ ធ្វើឱ្យកម្រិតកាល់ស្យូមនៅក្នុងខ្លួនទាបជាងមុន។ ប្រតិកម្មនេះ ធ្វើឱ្យឆ្អឹងបញ្ចេញកាល់ស្យូមក្នុងការទប់ឱ្យមានតុល្យភាពកម្រិតជាតិកាល់ស្យូមក្នុងខ្លួន ជាហេតុបណ្ដាលឱ្យបាត់បង់ញ៉ាំប្រៃ ធ្វើឱ្យឈឺខ្នង ឈឺចង្កេះ។

២- ញ៉ាំជាតិស្ករច្រើនពេកនាំឱ្យកាល់ស្យូមថយចុះ

ការស្រាវជ្រាវបានពិនិត្យទៅលើអ្នកមានសុខភាពល្អ និងមានហានិភ័យខ្ពស់កើតជំងឺក្រួសក្នុងតម្រងនោម ដោយរកឃើញ ញ៉ាំជាតិស្ករច្រើនពេក ធ្វើឱ្យរាងកាយបញ្ចេញជាតិកាល់ស្យូមក្នុងបរិមាណដ៏ច្រើនតាមរយៈទឹកនោម។

៣- ជាតិស្ករច្រើនពេកបង្កើនកម្រិតអ័រម៉ូនក័រទីសុល (Cortisol)

កម្រិតខ្ពស់អ័រម៉ូនក័រទីសុល ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពឆ្អឹង។ ជាទូទៅ កម្រិតអ័រម៉ូននេះក្នុងរាងកាយ អាចកើនឡើង ពេលយើងមានបញ្ហាស្ត្រេស។ គេសង្កេតឃើញថា ញ៉ាំជាតិស្ករខ្ពស់ ក៏អាចបង្កើនកម្រិតអ័រម៉ូនក័រទីសុលដូចគ្នា។ ការសិក្សាលើសត្វ Hamster (កណ្តុរគ្មានកន្ទុយ) បង្ហាញថា របបអាហារមានជាតិស្ករខ្ពស់ អាចបណ្ដាលឱ្យមានជំងឺពុកឆ្អឹង ទោះបីជាញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់ក៏ដោយ។

៤- ញ៉ាំផ្លែឈើ និងបន្លែច្រើនម៉េចដែរ?

ការសិក្សាបានលើកឡើងភាគច្រើនផ្ដោតលើប្រភេទស្ករកែច្នៃ ជាងស្ករធម្មជាតិដែលរកឃើញក្នុងម្ហូបអាហារ។ នេះដោយសារក្នុងផ្លែឈើមានជាតិស្ករក៏ពិតមែន ប៉ុន្តែក៏សម្បូរជាតិសរសៃដែរ ដែលរារាំងការបញ្ចេញម៉ូលេគុលស្ករបាន។ បើយើងគ្រប់គ្នាចង់ការពារឆ្អឹង យើងគួរកម្រិតជាតិស្ករត្រឹមត្រូវក្នុងរបបអាហារប្រចាំថ្ងៃ។

៥- គន្លឹះជួយញ៉ាំជាតិស្ករក្នុងកម្រិតទាប

អត្រាចាំរសជាតិរបស់អណ្ដាត គឺធម្មតាមានរយៈពេល ១០ ថ្ងៃ មានន័យថា បើយើងអាចតមមិនញ៉ាំផ្អែមរយៈពេល ១០ ថ្ងៃ អណ្តាតនឹងចងចាំរសជាតិថ្មី មិនចាំពីរសជាតិអាហារមានស្ករនោះឡើយ។ យ៉ាងណា យើងក៏មិនអាចខ្វះជាតិស្ករបានដូចគ្នា តែបើចង់បានភាពរសជាតិផ្អែមក្នុងជីវិត ចូរព្យាយាមប្រើទឹកឃ្មុំ ព្រោះទឹកឃ្មុំមានសារធាតុចិញ្ចឹម និងរក្សារសជាតិផ្អែមក្នុងកម្រិតមធ្យម ឬអាចប្ដូរទៅប្រើរុក្ខជាតិម្យ៉ាងឈ្មោះ Stevia (នៅខ្មែរគេនិយមហៅស្មៅផ្អែម) ព្រោះរសជាតិផ្អែមរបស់វា គឺបានមកពីប្រភពរុក្ខជាតិ មានរសជាតិឆ្ងាញ់ និងធ្វើឱ្យសុខភាពល្អជាងស្ករយើងប្រើធម្មតា៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង