កូឡុំប៊ី៖ ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ី បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ថា ការរអិលបាក់ដី នៅក្នុងខេត្តណារីណូ (Narino) ជិតព្រំដែនជាមួយប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សចំនួន ១១នាក់ហើយ ដោយបន្ថែមថា មនុស្សរាប់សិបនាក់ទៀតបានរងរបួស ឬបាត់ខ្លួន។
ទីភ្នាក់ងារជួយសង្គ្រោះដដែលបន្ត ថា ការរអិលបាក់ដីបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅក្នុងជនបទ Mallama និងបានបំផ្លាញអគារចំនួនពីរខ្នង។
ទីភ្នាក់ងារនេះ បាននិយាយទៀតថា ការរអិលបាក់ដីនេះបានធ្វើឱ្យមនុស្ស ១០ នាក់រងរបួស ខណៈដែលមនុស្សពី ១៥ ទៅ ២០ នាក់កំពុងបាត់ខ្លួន។
ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានផ្អាកដោយសារតែការព្រួយបារម្ភពីការបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ រហូតដល់ព្រឹកថ្ងៃពុធ។
ការរអិលបាក់ដី គឺជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដែលជាតំបន់ភ្នំ ជាពិសេសក្នុងរដូវវស្សា និងនៅតំបន់ដែលមានលំនៅឋាន និងផ្លូវតូចចង្អៀត ត្រូវបានសាងសង់នៅលើភ្នំ Andean ដែលគេបានឈូសឆាយព្រៃឈើដើម្បីសាងសង់៕