វៀតណាម៖ កង់ចំនួន ៥០០ កង់ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសាធារណៈ សម្រាប់ប្រជាជនរស់នៅទីក្រុងហូជីមិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលវាជាគម្រោងសាកល្បង ឈ្មោះថា Mobike ។
បច្ចុប្បន្ននេះ កង់សាធារណៈ កំពុងឆ្លងកាត់ការធ្វើតេស្តបច្ចេកទេស និងបំពាក់ដោយសោឆ្លាតវៃ និងឧបករណ៍កំណត់ទីតាំង GPS ។ កង់ចំនួន ៣៨៨ ដំបូងគេ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងខែនេះ ខណៈនៅសល់នឹងត្រូវទុកបម្រុង។
មានចំណតដាក់កង់ចំនួន ៤៣ នៅលើចិញ្ចើមផ្លូវ ដោយស្ថានីយនីមួយៗមានកង់ពី ១០ ទៅ ២០ កង់។ កម្មវិធី Mobike នៅលើទូរសព្ទដៃ ត្រូវបានដាក់ឱ្យដំឡើង ដែលអាចប្រាប់ពីទីតាំងដែលនៅជិតបំផុតរបស់ចំណតកង់។ រីឯតម្លៃជួល គឺ ៥០០០ ដុង (០,២២ ដុល្លារអាមេរិក) សម្រាប់រយៈពេល ៣០នាទី។
ក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូលកង់ពីរដ្ឋបាលក្រុងហូជីមិញ ក៏នឹងលើកលែងសម្រាប់ការជួលសម្រាប់រយៈពេល ១៥នាទីដំបូង ក្នុងរយៈពេល ៣ ខែដំបូង នៃគម្រោងសាកល្បង ដើម្បីជាមធ្យោបាយទាក់ទាញអ្នកប្រើប្រាស់។
អាជ្ញាធរទីក្រុងហូជីមិញ បានអនុម័តផែនការសាកល្បងសម្រាប់ការចែករំលែកកង់សាធារណៈ កាលពីខែមេសា ប៉ុន្តែរលកទី៤ នៃកូវីដ១៩ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសា បានធ្វើឱ្យមានការរាំងស្ទះដល់គម្រោងដាក់ឱ្យប្រើប្រាស់៕