×

ក្មេងប្រុស សីហា ដែល​ល្បីល្បាញ​ពាក់​កាតវ៉ាក់សាំង​កូវីដ ទទួល​អំណោយពី​សម្តេចនាយករដ្ឋមន្ត្រី និង​សប្បុរសជន

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះ គង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលាដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន២០លានរៀល និងផ្ទះមួយខ្នងដល់ក្រុមគ្រួសាររូបនេះ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពេលនាំយកថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូនគ្រួសារក្មេងប្រុស គង់ សីហា នៅថ្ងៃទី០៣ ខែវិច្ឆិកា នេះថា បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ រីឯប័ណ្ណចាក់វ៉ាក់សាំងបានច្រកចូលក្នុងថង់ប្លាស្ទិក ពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល បានចាត់តាំងឲ្យលោក នាំយកជំនួយថវិកាចំនួន២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាពនិងផ្គត់ផ្គង់ការសរៀនសូត្ររបស់កុមារា គង់ សីហា។
ជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ។

សូមជម្រាបថា កុមារា គង់ សីហា អាយុ៧ឆ្នាំរស់នៅជាមួយឪពុកម្តាយដែលសុទ្ធសឹងមិនចេះអក្សរ ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង