ឥណ្ឌូណេស៊ី៖ ប្រកាសសាសនា នៃក្រុមប្រឹក្សា Ulema របស់ឥណ្ឌូណេស៊ី (MUI) ដែលជាស្ថាប័នបព្វជិតខ្ពស់បំផុត និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេស បានចេញផ្សាយនៅសប្តាហ៍នេះ ថា ការជូនប្រាក់ដល់អ្នកសុំទានត្រូវបានហាមឃាត់ នៅខេត្តស៊ូឡាវីស៊ីខាងត្បូង។ ក្រុមប្រឹក្សានេះ បាននិយាយថា ការជូនលុយដល់អ្នកសុំទាន នឹងធ្វើឱ្យពួកគេបន្តសុំទានទៀត។
លោក Muammar Bakri អគ្គលេខាធិការស្ថាប័នខាងលើ បានថ្លែងថា៖ “ការជូនលុយដល់អ្នកសុំទានតាមដងផ្លូវ ជាការគាំទ្រដល់អ្នកដែលកេងប្រវ័ញ្ចលើអ្នកសុំទាន ខណៈពេលដែលវាមិនបានអប់រំអ្នកសុំទាន ឱ្យអភិវឌ្ឍចរិតលក្ខណៈល្អនោះទេ”។
មានរបាយការណ៍ជាច្រើននៃក្រុមដែលបានទទួលផលពី អ្នកសុំទានតាមផ្លូវ។ នៅក្នុងច្បាប់សាសនារបស់ខ្លួន ស្ថានប័នដដែលនេះ បានព្រមានថា អ្នកដែលសុំទាន ទោះបីជាមានលទ្ធភាពខាងផ្លូវកាយ និងផ្លូវចិត្តក៏ដោយ ក៏ទទួលរងនូវអំពើបាបធំជាងនេះដែរ។ ជាងនេះទៅទៀត វត្តមានអ្នកសុំទានតាមដងផ្លូវ ក៏អាចបង្កការរំខានដល់សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផងដែរ។ ពួកគេបានណែនាំសាធារណៈជនឱ្យជូនប្រាក់របស់ពួកគេ តាមរយៈអង្គការសប្បុរសធម៌ដែលគួរឱ្យទុកចិត្តវិញ។
យ៉ាងណាវិញ ច្បាប់នេះមិនទាន់អនុវត្តនៅទូទាំងប្រទេសទេ ទោះបីជាវាមានការគាំទ្រពីសភាតំណាងរាស្រ្តក៏ដោយ៕