អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងនឹងប្រជុំលើការកំណត់ពេលវេលាថ្មីនៃការប្រឡងបាក់ឌុបឆ្នាំនេះ ខណៈថ្ងៃកំណត់ចាស់គឺថ្ងៃទី៦ ខែធ្នូ ខាងមុខ ត្រូវបានពន្យារពេល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យ CNC ដឹងថា «ក្នុងសប្តាហ៍នេះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា នឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប ខណៈក្រសួងនឹងពិនិត្យពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២មានពេលបន្ថែមរៀនត្រៀមប្រឡងដោយការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព »។
គួររំលឹកថា កាលពីថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងការចុះពិនិត្យ និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននៃសកលវិទ្យាល័យជាតិគ្រប់គ្រងបានបញ្ជាក់ពីការពិនិត្យពន្យារពេលការប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីជាការផ្តល់ពេលឲ្យសិស្សដែលត្រូវប្រឡងមានពេលត្រៀមខ្លួនបានច្រើន ខណៈកន្លងទៅការរៀនផ្ទាល់នៅតាមសាលាត្រូវបានបិទដោយសារ វិបត្តិកូវីដ-១៩៕