×

ជ្រូកកណ្ដុរ​ក្លាស្សេ​ចំនួន ១៦០ក្បាល​នាំចូល​ពីថៃ ត្រូវបាន​កម្ទេចចោល នៅ​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងមន្ត្រីចម្រុះ បានចេញស្ទាក់បាប់បានរថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 ដឹកសាច់សត្វជ្រូកកណ្ដុរដែលគេក្លាស្សេចំនួន ១៦០ក្បាល ដែលបាននាំចូលតាមច្រករបៀងចេញពីប្រទេសថៃ ត្រូវបានក្រុមអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ឃាត់បាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក ខែត្តបន្ទាយមានជ័យ ដែលមានអ្នកបើកមានឈ្មោះ យន សាម៉េត អាយុ ៣៧ឆ្នាំ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្ត រកឃើញសាកសពសត្វជ្រូកក្លាស្សេចំនួន ១៦០ក្បាល។ ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា មិនមានលិខិតអនុញ្ញាតដឹកជញ្ជូន និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយមានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចម្រុះសម្រេចដុតកម្ទេចោលតែម្តង។

មន្ត្រីជំនាញបានបញ្ជាក់ថា ចំពោះបណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុចរិត បណ្ដាលឱ្យច្រករបៀងនៅតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរ-ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចដឹកសាកសពជ្រូកក្លាស្សេនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ដែលជាហេតុបង្កការពិបាកក្នុងការទប់ស្កាត់ និងបង្ក្រាប និងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុ ដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជូនម្ចាស់រថយន្ត និងរថយន្តយកទៅចាត់ការតាមនីតិវិធីច្បាប់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង