ភ្នំពេញ៖ ជើងហោះហើររវាងរាជធានីភ្នំពេញ និងក្រុងបាងកក នឹងចាប់ផ្តើមដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ដែលគ្រោងធ្វើការហោះហើរនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ។
យោងតាមក្រុមហ៊ុនខេមបូឌាអ៊ែផត បានបង្ហោះនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីពេលថ្មីៗនេះថា ជើងហោះហើរត្រង់ ភ្នំពេញ-បាងកក [PNH-BKK] ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលបានបើកឱ្យកក់សំបុត្រយន្តហោះ។
ទោះជាយ៉ាងណា អ្នកដំណើរ ត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
គួររំឭកថា ការបើកដំណើរការជើងហោះហើរ ភ្នំពេញ-បាងកក ត្រូវបានប្រកាស បន្ទាប់ពីក្រុមហ៊ុនខេមបូឌាអ៊ែផត បានឱ្យដឹងនៅរសៀល ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ ក៏នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ៕