ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅរក្សាដដែលគឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ត្រូវរំកិលទៅប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខណៈការបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា៖ “ការប្រឡងឌីប្លូម (ទី៩) នៅរក្សាដដែល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកការប្រឡងបាក់ឌុប (ទី១២) ត្រូវរំកិលទៅប្រឡង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែក ការបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ផ្ដើម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។”
លោក រស់ សុវាចា បានគូសបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្ដអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផល នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ៕