ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទកូវីដ១៩ ដែលកំពុងមានការធូរស្រាលបន្តិចម្ដងៗនេះ ពិធីរៀបការ អាចធ្វើទៅបាន ប៉ុន្តែអនុញ្ញាតឱ្យម្ចាស់ដើមការ និងភ្ញៀវចូលរួម មិនឱ្យលើសពី ២០០នាក់នោះទេ លើកលែងអ្នកបម្រើសេវា។
សម្ដេចតេជោ បានមានប្រសាសន៍ថា ក្រុមអ្នកបម្រើសេវា មានដូចជា ក្រុមអ្នកបម្រើចុងភៅ ក្រុមភ្លេង អាចារ្យ អ្នកថតរូប ជាដើម មិនត្រូវរាប់បញ្ចូលក្នុងចំណោមមនុស្ស ២០០នាក់នោះទេ។ ដូច្នេះ សរុបអាចមានខ្ទង់ ២៥០-២៦០នាក់នៅក្នុងពីធីមង្គលការមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីសម្ភោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២១៕