ចិន៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ថា អវកាសយានិក Wang Yaping បានក្លាយជាស្ត្រីជនជាតិចិនដំបូងគេ ដែលបានដើរក្នុងលំហអាកាស (Spacewalk) ខណៈក្រុមរបស់នាង បានបញ្ចប់ការសាកល្បងរយៈពេល ៦ម៉ោង នៅខាងក្រៅស្ថានីយអវកាស ធានកុង (Tiangong) ។
ធានកុង ដែលមានន័យថា “វិមានឋានសួគ៌” គឺជាសមិទ្ធផលចុងក្រោយបង្អស់ក្នុងការជំរុញរបស់ប្រទេសចិន ដើម្បីក្លាយជាមហាអំណាចអវកាស បន្ទាប់ពីចុះចតយានរុករករបស់ខ្លួន នៅលើភពអង្គារ និងបញ្ជូនយានអវកាសទៅឋានព្រះចន្ទ។
យានស្នូលរបស់ធានកុង បានចូលគន្លងតារាវិថី កាលពីដើមឆ្នាំនេះ ដោយស្ថានីយនេះ ត្រូវបានគេរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២២។
លោកស្រី Wang និងសហការី លោក Zhai Zhigang បានដើរចេញពី ម៉ូឌុល (Module) កាលពីយប់ថ្ងៃអាទិត្យ ដោយគ្រវីដៃ ទៅកាន់កាមេរ៉ា ខណៈពេលពួកគេ មានខ្សែភ្ជាប់ទៅខាងក្រៅស្ថានីយ ហើយពួកគេ បានដំឡើងឧបករណ៍សម្រាប់យានអវកាស។
ធានកុង ត្រូវបានគេរំពឹងថា នឹងដំណើរការយ៉ាងហោចណាស់ ១០ ឆ្នាំ ហើយអវកាសយានិកទាំង៣ គឺជាក្រុមទីពីរ ដែលស្នាក់នៅទីនោះ។ លោកស្រី Wang គឺជាស្ត្រីដំបូងគេ ដែលបានទៅដល់ស្ថានីយអវកាសចិន។
មេបញ្ជាការបេសកកម្ម លោក Zhai គឺជាអតីតអ្នកបើកយន្តហោះចម្បាំង ដែលបានអនុវត្តការដើរលើលំហដំបូងរបស់ប្រទេសចិន ក្នុងឆ្នាំ២០០៨៕