×

កំណត់​ជាផ្លូវការ​ហើយ! ក្រសួងអប់រំ ចេញ​សេចក្តីជូនដំណឹង​ពី​ការកំណត់យក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់​ការប្រឡង​បាក់ឌុប

ភ្នំពេញ៖ ទីបំផុត ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងផ្លូវការ ស្តីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ ដោយយកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

ក្រសួង សម្រេចកំណត់សម័យប្រឡង ២៧ ធ្នូ ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១។ ក្រសួង នឹងចេញសេចក្តីណែនាំលម្អិត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។

ក្រសួង ក៏បានសំណូមពរដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង