×

កម្ពុជា ទាក់ទាញ​ទេសចរ​ចាក់វ៉ាក់សាំង​ពី​ជប៉ុន មកទស្សនា​តំបន់​ទេសចរណ៍​បី ដែល​បើកឡើងវិញ​នៅ​ចុងខែនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុន ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។ នេះបើតាមខ្លឹមសារនៃជំនួបទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកឯកអគ្គរាជទូត មីកាមិ ឱ្យដឹងថា កម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុនមកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាពចំនួន ៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរ ក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

លោករដ្ឋមន្ត្រី ថោង ខុន បន្តថា នឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេស សម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ ក្នុងករណីការធ្វើដំណើរមកកាន់សៀមរាបហើយ អាចបន្តធ្វើដំណើរបានដោយទូលំទូលាយទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតដែលបានកំណត់។
លោករដ្ឋមន្ត្រីក៏បានជំរុញដល់ការអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍កម្ពុជាអាចចូលទៅកាន់ប្រទេសជប៉ុនឡើងវិញ ដោយប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានប្រកបដោយសុវត្ថិភាព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង