×

វត្ថុបុរាណខ្មែរ​ចំនួន៤ ត្រូវបាន​ប្រគល់​ជូន​កម្ពុជា ពី​សារមន្ទីរ​សិល្បៈ Denver នៅអាមេរិក

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការទទួលបានមកវិញ នូវវត្ថុបុរាណខ្មែរចំនួន ៤រូប ពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។

សេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញ នាពេលខាងមុខនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក (HSI) បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។

វត្ថុបុរាណខ្មែរទាំង៤នេះរួមមាន៖

១. ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ថ្មភក់សម័យអង្គរ រចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២-ដើមទី១៣។ យោងតាមព័ត៌មានពីសាក្សីបដិមានេះ ត្រូវបានគេរកឃើញ នៅក្នុងវាលស្រែក្បែរប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ មិនឆ្ងាយពីតំបន់ទន្លេបាទី។

២. ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមសេចក្តីរាយការណ៍ពីសាក្សី បដិមានេះ ត្រូវបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។

៣. ជួងសំរឹទ្ធ សម័យបុរេប្រវត្តិ។ តាមសេចក្តីរាយការណ៍ពីសាក្សីជួងនេះ គឺជាវត្ថុមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយ នៃខេត្តពោធិ៍សាត់-បាត់ដំបង។

៤. ផ្លែរព្រះនារាយណ៍ផ្ទំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមប្រភពពីសាក្សីបានឲ្យដឹងថា ផ្តែរនេះ ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណៈស្រដៀង នឹងផ្តែរនៅប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង