×

ក្រសួងធម្មការ ណែនាំ​៣ចំណុច ស្តីពី​ការបើកដំណើរការ​ឡើងវិញ ពិធីសាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែបសាសនា

អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំចំនួន៣ចំណុច ឲ្យថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានា ចំណុះឲ្យក្រសួងទាំងអស់ ត្រូវអនុវត្តស្តីពីការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។

យោងតាមសេចក្តីណែនាំ ដែលចុះហត្ថលេខា ដោយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបើកឲ្យដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖

១- ត្រូវសហការជាមួយអាជ្ញាធរដែនដី ក្នុងការបើកដំណើរការឡើងវិញ នូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា តាមវត្ត វិហារ(ម៉ាស្ទិទ) ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។

២- ត្រូវរៀបចំត្រួតពិនិត្យប័ណ្ណចាក់វ៉ាកសាំងរបស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំង អ្នកចេញ-ចូលក្នុងបរិវេណពិធី មិនឲ្យលើសពីចំនួនកំណត់ របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩។

៣-គ្រប់វត្ដ និងគ្រប់កន្លែងប្រតិបត្តិផ្នែកពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង