អត្ថបទ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យមានការរៀបចំពិធីជួបជុំសាសនា និងការជួបជ៉ំផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្សទៀតទេ ប៉ុន្តែត្រូវរក្សាគម្លាតមួយម៉ែត្រកន្លះជាមូលដ្ឋាន អាស្រ័យលើទីតាំង។ នេះបើយោងតាមសារជាសំឡេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ១២ ខែវិច្ជិកា ឆ្នាំ២០២១នេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា « កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសថា ឲ្យរៀបចំអាពាហ៍ពិពាហ៍ដោយកំណត់មនុស្សយ៉ាងច្រើនពីររយនាក់ ដោយមិនគិតអ្នកផ្ដល់សេវាផ្សេងៗ។ ប៉ុន្តែក្រោយពីធ្វើការពិនិត្យដោយការកំណត់បែបនេះ មិនសមស្របនោះទេ គឺយើងយកស្តង់ដារ នៃការអនុវត្តតាមវិធានសុខាភិបាល ឧទាហរណ៍ប្រសិនបើមានទីតាំងធំ ម្ចាស់ដើមការអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន ៥រយនាក់ ឬក៏មួយពាន់នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់ នូវការរក្សានៅគម្លាតតាមតុ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការរៀបចំពិធីផ្សេងៗអាស្រ័យទៅលើទីតាំងតូចឬធំ ដែលចាំបាច់គឺរក្សាគម្លាត ដោយតាមវិធានសុខាភិបាល ព្រោះប្រសិនបើកំណត់ ២រយនាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង និងពិបាកអនុវត្ត ដូច្នេះខ្ញុំព្រះករុណាខ្ញុំសូមផ្ដល់ជូនបងប្អូនជនរួមជាតិសម្រេចទៅតាមទីកន្លែងតូច ឬធំដែលអាចរក្សាគម្លាតបាន»។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ម្ចាស់កម្មវិធីត្រូវអញ្ជើញចំពោះតែអ្នកណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់បាន២ដូស ហើយក្នុងករណីអ្នកដែលមិនបានចាក់ដែលមានការហាមឃាត់ពីគ្រូពេទ្យមិនមានបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកដែលគេចវេសមិនចាក់វ៉ាក់សាំង មិនគប្បីមានការលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នោះទេ អាចជាភ្នាក់ងារចម្លងក្នុងអាពាហ៍ពិពាហ៍»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរក្សាគម្លាត និងការចាក់វ៉ាក់សាំង បូកជាមួយនឹងការគោរពតាមវិធានសុខាភិបាល ៣ការពារ ៣ក៉ំ នៅពេលដែលចូលក្នុងពិធីតាមប្រពៃណី និងពិធីផ្សេងៗ។
ដោយឡែកផ្នែកវិស័យសាសនាវិញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា «មិនមានការកំណត់ចំនួនអ្នកចូលរួមនោះទេ សម្តេចក៏បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា ធ្វើការពិភាក្សាគ្នាដោយយកការគម្លាតជាមូលដ្ឋាន ដោយមិនមានការកំណត់មនុស្សទេអាស្រ័យទៅលើទីតាំងដែលអាចរក្សាគម្លាតបាន ដោយគម្លាតមួយម៉ែត្រកន្លះយ៉ាងតិច។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅអ្នកដែលពាក់ព័ន្ធទៅនឹងពិធីការ ដូចជាអាចារ្យ អ្នកផ្នួងអ្នករៀបពិធីមង្គលការ អ្នកចម្រៀង និងអ្នកបម្រើសេវាផ្សេងៗថា «នេះគឺជាដំណឹងដ៏រីករាយមួយដែលបញ្ជាក់ឲ្យឃើញថាដំណើរការនៃការប្រកបមុខរបរផ្សេងៗ ដំណើរការសង្គមបានចាប់ផ្ដើមដំណើរការហើយ»៕