វៀតណាម៖ អាជ្ញាធរនៅទីក្រុងហូជីមិញ បាននិយាយថា បុគ្គល និងអង្គភាពមួយចំនួន នៅក្នុងទីក្រុងត្រូវបានចោទប្រកាន់ ថា បានលក់ថ្នាំប្រឆាំងវីរុសកូវីដ១៩ប្រភេទ Molnupiravir ដោយខុសច្បាប់។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam Express ចុះផ្សាយនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នៅក្នុងឯកសារដែលផ្ញើទៅក្រសួងសុខាភិបាលវៀតណាម នាពេលថ្មីៗនេះ ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ លោក Tang Chi Thuong បាននិយាយថា ខ្លួនកំពុងសហការជាមួយប៉ូលីស ដើម្បីស៊ើបអង្កេតការលក់ថ្នាំព្យាបាលជំងឺកូវីដ១៩ប្រភេទ Molnupiravir ដែលត្រូវបានលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សមត្ថកិច្ចនៅវៀតណាម បានចុះឆែកឆេរ ឃ្លាំងមួយនៅស្រុក Binh Tan ដែលគេបានរកឃើញប្រអប់ថ្នាំ molnupiravir ចំនួន ៦០ប្រអប់។ ឱសថការីនៅទីតាំងនេះ បានសារភាពថា ថ្នាំ២០ប្រអប់ ត្រូវបាននាំយកទៅចែកចាយទៅតាមតំបន់ផ្សេងៗ។ ជាលទ្ធផល ឱសថការីនោះ ត្រូវបាននាំយកមកកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីជួយស្វែករកកន្លែងលាក់ឱសថ ៤០ប្រអប់ទៀត។ ចំណែកនៅក្នុងស្រុក Tan Phu ពួកគេបានចែកចាយថ្នាំ Molnupiravir រហូតដល់ ៦៩៦ ប្រអប់រួចហើយ៕