កំពង់ចាម-ត្បូងឃ្មុំ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។
ស្ពាននេះ ជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័ស៕