ត្បិតថ្នាំពេទ្យ ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ប្រកបដោយប្រសិទ្ធភាពហើយ តែថ្នាំបុរាណ ក៏នៅតែមានការប្រើប្រាស់ច្រើនដែរ ដោយករណីខ្លះ ត្រូវប្រើប្រាស់រួមគ្នា ក្នុងពេលកំពុងប្រើប្រាស់ថ្នាំពេទ្យ។
ប៉ុន្ដែសម្រាប់ការព្យាបាលជំងឺមហារីក វេជ្ជបណ្ឌិត បញ្ជាក់ថា ការប្រើថ្នាំពេទ្យផង និងថ្នាំបុរាណផង បង្កគ្រោះថ្នាក់ ជាងធ្វើឱ្យស្ថានភាពជំងឺបានធូរស្រាល។ វេជ្ជបណ្ឌិតបន្ថែមថា ថ្នាំផលិតពីខ្ទឹមស ខ្ញី និង Ginkgo អាចធ្វើឱ្យការព្យាបាលរបួសស្បែកចំណាយពេលយូរ នៅពេលមហារីកសុដន់កំពុងរាលដាល។
លោកស្រីវេជ្ជបណ្ឌិត Maria Joao Cardoso ជំនាញផ្នែកវះកាត់ នៅមជ្ឈមណ្ឌលមហារីក Champalimaud ក្នុងក្រុង Lisbon ប្រទេសព័រទុយហ្កាល់ បន្ដថា ពុំមានភស្ដុតាង បញ្ជាក់ថា ការព្យាបាលដោយថ្នាំបុរាណ ឬក្រែម មានប្រសិទ្ធភាពនោះទេ។ លោកស្រីថា វេជ្ជបណ្ឌិត ចាំបាច់ត្រូវសួរអ្នកជំងឺ ពីអ្វីដែលពួកគេបានលេប នៅពេលវេជ្ជបណ្ឌិតព្យាបាលជំងឺមហារីក។ រីឯអ្នកជំងឺ ក៏ត្រូវជជែកជាមួយវេជ្ជបណ្ឌិតផងដែរ ពីការព្យាបាលរួមគ្នា ដោយប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង លើជំងឺមហារីក ដែលបានរាលដាលលើស្បែក។
នេះដោយសារវាអាចបង្កគ្រោះថ្នាក់ ដោយថ្នាំទាំងនោះ អាចប៉ះពាល់លើការព្យាបាលអ័រម៉ូន ឬការព្យបាលដោយថ្នាំគីមី ហើយធ្វើឱ្យដំណើរការកំណកឈាមកាន់តែយឺត ដែលធ្វើឱ្យការព្យាបាលរបួសកាន់តែយូរ និងគួរឱ្យខ្លាច៕
ប្រភព៖ Hellokrupet