×

លោក ដូណាល់ ត្រាំ ឈាន​ដល់​កិច្ចព្រមព្រៀង ៣៧៥ លានដុល្លារ​ដើម្បីលក់​សណ្ឋាគារ​នៅ DC

អាមេរិក៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ថា ក្រុមហ៊ុនរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងលក់សណ្ឋាគារ នៅ Washington, D.C. ក្នុងតម្លៃ ៣៧៥ លានដុល្លារអាមេរិក។

សេចក្ដីរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី CGI Merchant Group ជាអ្នកទិញសណ្ឋាគារនេះ។ សណ្ឋាគារ Trump International Hotel ជាអគារប្រវត្តិសាស្ត្រមួយ ដែលមិនឆ្ងាយពី សេតវិមាន ឡើយ សណ្ឋាគារនេះបានក្លាយជាកន្លែងប្រមូលផ្តុំដ៏ពេញនិយមសម្រាប់អ្នកគាំទ្រលោក ត្រាំ និងឥស្សរជនបរទេស។

ក្រុមហ៊ុន CGI មានបំណងប្ដូរឈ្មោះ សណ្ឋាគារ ហើយបានឈានដល់កិច្ចព្រមព្រៀងជាមួយ Hilton Worldwide Holdings សម្រាប់ការគ្រប់គ្រង និងដាក់ស្លាកយីហោដោយក្រុម Waldorf Astoria របស់ Hilton ។

ក្រុមហ៊ុន Trump, CGI Merchant និង Hilton មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃអាទិត្យ។

លោក ត្រាំ បានបង្ហើបថា សណ្ឋាគារនេះរកចំណូលឱ្យគាត់ច្រើនជាង ១៥០ លានដុល្លារក្នុងអំឡុងពេលគាត់កាន់តំណែង ប៉ុន្តែគណៈកម្មាធិការគ្រប់គ្រង និងកំណែទម្រង់នៃសភាអាមេរិក បានឱ្យដឹងថា ការតាមពិតទៅ សណ្ឋាគារនេះ បានខាតបង់ជាង ៧០ លានដុល្លារអាមេរិក។

សណ្ឋាគារនេះ ជាអគារខ្ពស់ជាងគេទីពីរ នៅ Washington D.C. ។ អគារនេះ ក៏ធ្លាប់ជាទីស្ដីការ ក្រសួងប្រៃសណីយ៍ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង