អារ៉ាប៊ីសាអ៊ូឌីត៖ រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman bin Abdulaziz Al Saud ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ Mohammed bin Salman Misk បានប្រកាសបើកដំណើរការ “ទីក្រុងមិនរកប្រាក់ចំណេញ Prince Mohammed bin Salman” ដែលជាទីក្រុងមិនរកប្រាក់ចំណេញដំបូងគេនៅលើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ទីក្រុងនេះ នឹងក្លាយជាគំរូសម្រាប់ការអភិវឌ្ឍវិស័យមិនស្វែងរកប្រាក់ចំណេញទូទាំងពិភពលោក និងជាកន្លែងបណ្តុះបណ្ដាលយុវជន និងក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងស្ថាប័នមិនស្វែងរកប្រាក់ចំណេញក្នុងស្រុក និងអន្តរជាតិ។
ព្រះអង្គម្ចាស់មានព្រះបន្ទូលថា ទីក្រុងនេះនឹងក្លាយជាទីក្រុងមិនស្វែងរកប្រាក់ចំណេញដំបូងគេ ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់មូលនិធិ Mohammed bin Salman Misk ក្នុងការគាំទ្រការច្នៃប្រឌិត សហគ្រិនភាព និងសមត្ថភាពអ្នកដឹកនាំ នាពេលអនាគត ដោយកំណត់ការងារមិនស្វែងរកប្រាក់ចំណេញ។
វាក៏នឹងមាន សាលាសិល្បៈ និងវិចិត្រសាល ការសម្តែងសិល្បៈ កន្លែងលេង សាលាបង្រៀនធ្វើម្ហូប និងអគារលំនៅដ្ឋានរួមបញ្ចូលគ្នា។ លើសពីនេះ ទីក្រុងនឹងរៀបចំក្រុមហ៊ុនបណ្តាក់ទុន និងអ្នកវិនិយោគដើម្បីគាំទ្រ និងបណ្តុះសហគ្រាសច្នៃប្រឌិត ដើម្បីជំរុញការរួមចំណែករបស់សហគមន៍មកពីជុំវិញពិភពលោក។
ទីក្រុងមិនស្វែងរកប្រាក់ចំណេញ ទំហំ ៣,៤ គីឡូម៉ែត្រការ៉េ មានទីតាំងនៅលើដីរបស់ព្រះអង្គម្ចាស់ ក្នុងសង្កាត់ Irqah ។ ផែនការមេរបស់ទីក្រុងនេះរួមបញ្ចូលទីក្រុងឌីជីថលទំនើប ដែលផ្តោតលើមនុស្ស ដែលត្រូវបានរចនាឡើងដើម្បីឱ្យមាននិរន្តរភាព ងាយស្រួលសម្រាប់អ្នកថ្មើរជើង ហើយនឹងបែងចែកជាង ៤៤ ភាគរយនៃផ្ទៃដីសរុប សម្រាប់ទីធ្លាបើកចំហបៃតង ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕