ពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានហក់ឡើងជាបន្តបន្ទាប់ គឺឡើងដល់កម្ពស់៥,០៦ម៉ែត្រហើយ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ)។ នេះបើតាមការបញ្ជាក់របស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។
ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣,៤៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២,៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។
លោក កែវ វ័យ បានបន្តថា ប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងពេល៦ម៉ោងក្រោយ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕