វីរបុរសរបស់ក្រុម Manchester United លោក Rio Ferdinand បាននិយាយថា លោក Erik ten Hag សក្តិសមបំផុតនៅក្នុងការដឹកនាំក្រុមបិសាចក្រហម បន្ទាប់ពីលោកបានបង្ហាញពីសមត្ថភាពរបស់គាត់នៅក្លិប Ajax នាប្រទេសហុល្លង់។
អ្នកចាត់ការទូទៅបច្ចុប្បន្ន លោក Ole Gunnar Solskjaer កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីមានទម្រង់លេងមិនសូវល្អ នាពេលថ្មីៗនេះ រួមទាំងការបរាជ័យក្រោមថ្វីជើងក្រុម Liverpool និង Manchester City នៅកីឡដ្ឋាន Old Trafford ។
គ្រូបង្វឹករបស់ Ajax លោក Ten Hag ត្រូវបានសារព័ត៌មានរបស់អង់គ្លេស យកមកចុះផ្សាយជាមួយបេក្ខភាព២រូបទៀត រួមមានលោក Zinedine Zidane និងលោក Brendan Rodgers។
លោក Ferdinand បានប្រាប់ព័ត៌មានអនឡាញមួយថា៖ “ខ្ញុំសូមយកលោក Antonio Conte ជាឧទាហរណ៍សម្រាប់រឿងនេះ។ នៅពេលណាដែលគាត់ចូលរួមក្លិបថ្មី វាមិនមានការចរចារទេ គឺគាត់ជាអ្នកប្រាប់ពួកគេឱ្យធ្វើតាម ‘រឿងនេះកំពុងកើតឡើង នេះជាខ្ញុំ បើអ្នកមិននៅជាមួយខ្ញុំទេ អ្នកអាចចាកចេញបាន’។”
“ខ្ញុំគិតថា នោះជាប្រភេទអាកប្បកិរិយា និងផ្នត់គំនិត ខុសគ្នារវាងអ្នកគ្រប់គ្រងល្អ និងអ្នកគ្រប់គ្រងកំពូល។”
“អ្នកត្រូវតែអាចចូលទៅទីនោះ ហើយធ្វើការបញ្ជានៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដែលពោរពេញដោយអ្នកអត្មានិយម អ្នកអាកប្បកិរិយា និងអត្តចរិតពិបាកនិយាយគ្នា។ នោះជាការងាររបស់អ្នកដែលចូលមកទីនេះ។”
“ឥឡូវនេះខ្ញុំមិនស្គាល់ Ten Hag ផ្ទាល់ទេ ប៉ុន្តែគាត់កំពុងធ្វើការងារដ៏អស្ចារ្យនៅ Ajax ។”
“ចូរចាំថា Ajax មិនមែនជាក្លិបតូចទេ។ ពួកគេជាក្លិបដ៏ធំ ក្លិបដ៏ធំបំផុតនៅក្នុងប្រទេសហុល្លង់។”
ការអត្ថាធិប្បាយរបស់ Ferdinand កើតឡើង បន្ទាប់ពីគាត់បាននិយាយនៅលើបណ្តាញ YouTube របស់គាត់ថា អតីតមិត្តរួមក្រុមរបស់គាត់ ពោលគឺលោក Solskjaer គួរតែលាលែងពីតំណែងនៅ Old Trafford ។
សូមជម្រាបថា លោក Ten Hag បានធ្វើជាគ្រូបង្វឹកនៅ Ajax តាំងពីខែធ្នូ ឆ្នាំ២០១៧ ហើយបានដឹកនាំពួកគេក្លាយជាជើងឯក Eredivisie របស់ហុល្លង់ ចំនួនពីរលើក។
គាត់ក៏បានដឹកនាំ Ajax ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ក្នុងរដូវកាល២០១៨-១៩ ដែលពួកគេបានចាញ់ក្រុមជើងឯករង Tottenham Hotspur ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕