ត្បូងឃ្មុំ៖ ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានបើកឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីអូសបន្លាយជិត២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីពាក់ព័ន្ធ មានវត្តមានក្នុងពីពីបើកឱ្យដំណើរការនោះ។
ផ្សារគំរូព្រំដែនកម្ពុជា លោក ជាម ច័ន្ទសោភ័ណ បានសម្រេចអនុញ្ញាតឱ្យអាជីវករប្រកបអាជីវកម្ម ដោយមិនគិតថ្លៃឈ្នួលរយៈពេល ២ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ។ ការនេះ ដើម្បីជួយពន្លឿនការលក់ដូរក្នុងផ្សារ ក៏ដូចជាជួយសម្រួលដល់អាជីវករ។ ចំណែកបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ រដ្ឋបាលខេត្តជាអ្នកទទួល។
លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ផុសចេញជារូបរាងឡើង ក្រោមគំនិត របស់សម្តេចតេជោ ហ៊ុន សែន ដោយផ្តល់នូវសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជានឹងក្លាយជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។
ផ្សារដារ ជាផ្សារគំរូព្រំដែនកម្ពុជាទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញនៃប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២លានដុល្លារ។ ផ្សារនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តែដោយសារបរិបទជំងឺកូវីដ-១៩រីករាលដាល បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឱ្យអាជីវករលក់ដូរជាធម្មតា។
ផ្សារនេះ សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ ២លានដុល្លារ លើផ្ទៃដី ១៩.៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ក្នុងនោះមានការសាងសង់ អាគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្ត ជាដើម។ ផ្សារនេះ មានតូបសរុបចំនួន ៦៨តូប បែងចែកជាតូបប្រភេទA ២៤តូប ប្រភេទB ២៤តូប ប្រភេទC ១៦តូប និងប្រភេទD ៤តូប៕