×

សម្តេចតេជោ ហ៊ុន សែន ស្នើដល់​ភាគី​ចិន​បើករោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ១៩ នៅ​ប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីចិន តាមរយៈអគ្គរដ្ឋទូតចិន ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ២លានដូស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ក្នុងជំនួបរវាងខ្ញុំ និងឯកឧត្តមនាយករដ្ឋមន្រ្តីចិនបានឯកភាពគ្នាលើចំណុចជាច្រើន ក្នុងនោះ នាយករដ្ឋមន្រ្តីចិន បានសន្យាថា នឹងជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាបន្តទៀត ខណៈដែលទទួលបានជោគជ័យជុំទី១ នៃការផ្តល់វ៉ាក់សាំងជូនពលរដ្ឋ”។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ “យើងយល់ថា កូវីដ១៩ មិនដឹងពេលណាទើបបាត់ពីផែនដីនោះទេ ដូច្នេះបើកម្ពុជាផលិតវ៉ាក់សាំងនៅកម្ពុជាបាននោះ យើងនឹងងាយស្រួលក្នុងការជួយសង្រ្គោះពលរដ្ឋកម្ពុជា”។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបើករោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ជោគជ័យ នៃការចាក់វ៉ាក់សាំង បានលឿនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការជួយរបស់ភាគីចិនបាននោះ។

ថ្លែងក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដរាបណា កូវីដ១៩ មិនទាន់ចប់ រដ្ឋាភិបាលចិន នឹងផ្តល់វ៉ាក់សាំងជូនដល់កម្ពុជា និងខិតខំជួយដល់ប្រជាជនកម្ពុជា៕

អត្ថបទ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង