×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ចាស់មេដាយមាស​ជើងឯក​ពិភពលោក អ៊ុក ស្រីមុំ ត្រូវបាន​រាជរដ្ឋាភិបាល លើកទឹកចិត្ត​ដង្ហែក្បួន​យ៉ាង​អធិកអធម

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកានេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូសយ៉ាងអធិកអធម។

កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាស១គ្រឿង ពីជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ និងកីឡាការិនីប៉េតង់៣រូបផ្សេងទៀត គ្រូបង្វឹក លោក សុខ ម៉ុង ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តរៀបចំក្បួនដង្ហែអមដោយម៉ូតូស ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ព្រះនរោត្តម វង់មួយជុំវិមានឯករាជ្យ ហើយចុងក្រោយចូលទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលការលើកទឹកចិត្តពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា នេះជាមោទកភាពរបស់កម្ពុជា ដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានប្រឹងប្រែងប្រកួតរហូតដល់ដណ្តើមមេដាយមាស១គ្រឿងយកមកជូនជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំស្នើសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ការលើកទឹកចិត្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់ជ័យលាភីមេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ នាពេលខាងមុខ។

នៅក្នុងឱកាសស្វាគមន៍លើកទឹកចិត្តនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានអញ្ជើញចូលរួមលើកទឹកចិត្តជូនជំពោះប្រតិភូ កីឡាការិនីប៉េតង់កម្ពុជាផងដែរ។

ម្ចាស់មេដាយមាសជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ក៏បានបង្ហាញពីក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមមេដាយមាស១គ្រឿង លើវិញ្ញាសា វាយយកពិន្ទុ ប្រចាំឆ្នាំ២០២១នេះ យកមកជូនជាតិ។ “ការឈ្នះនេះ កើតចេញពីការខិតខំរបស់នាងខ្ញុំផង និងក្រោមការលើកទឹកចិតពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី៣រូបទៀត ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា”។

ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាការិនី៤រូប ដោយក្រៅពីវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស គឺកីឡាការិនីទាំងអស់ បានប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិទុយណេស៊ី។

សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣នៅប្រទេសបារំាង ឆ្នាំ២០១៥នៅថៃ ឆ្នាំ២០១៧នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង