×

បញ្ចប់​ភាពសុំាញុំា​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អតីត​គូដណ្តឹង​ម្តាយ Kei Komuro ធ្លាប់ឱ្យ ពេលនេះ​លោកបាន​ផ្ទេរប្រាក់​៣៥០០០ដុល្លារ​សងឱ្យវិញ​គ្រប់ចំនួន

ជប៉ុន៖ បញ្ហាហិរញ្ញវត្ថុដែលអតីតគូដណ្តឹងម្តាយរបស់ Kei Komuro ធ្លាប់ឱ្យគ្រួសារលោកកន្លងមក បានធ្វើឱ្យអាពាហ៍ពិពាហ៍របស់លោកប្រទាញប្រទង់ពន្យារពេលដោយសាររឿងអាស្រូវមិនចេះចប់ទម្រាំលោក និងអតីតព្រះនាងជប៉ុន Mako អាចរៀបការជាមួយគ្នាបាន។

ដើម្បីបញ្ចប់បញ្ហាដែលប្រៀបដូចស្រមោលអន្ទោលតាមប្រាណនេះ Komuro បានចរចាជាមួយអតីតគូដណ្តឹងម្តាយលោកកាលពីថ្ងៃសុក្រសប្តាហ៍មុនថា នឹងផ្ទេរប្រាក់ចូលក្នុងគណនីធនាគារឱ្យវិញគ្រប់ចំនួន។

ដោយមានការព្រមព្រៀងទាំងសងខាងដើម្បីបញ្ចប់បញ្ហាដ៏ស្មុគស្មាញនេះ កាលពីថ្ងៃចន្ទ ទី១៥ ទឹកប្រាក់ចំនួន ៣៥០០០ដុល្លារដែលអតីតគូដណ្តឹងម្តាយរបស់លោកធ្លាប់ផ្តល់ជូនកន្លងមក បានផ្ទេរចូលទៅក្នុងគណនីរបស់គាត់វិញជាស្ថាពរ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅ គូស្នេហ៍ដែលទើបរៀបការហើយថ្មីថ្មោងគូនេះបានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ ដោយ Komuro ធ្វើការងារជាជំនួយការនៅក្រុមហ៊ុនមេធាវីមួយកន្លែងនៅទីនោះ។

បើទោះជាការប្រលងលើកទី១ដើម្បីចូលក្រមខណ្ឌធ្វើជាមេធាវីពេញសិទ្ធិរបស់ Kei Komuro បរាជ័យក៏ដោយ តែលោកអះអាងថា លោកនឹងខំប្រឹងបន្ថែមដើម្បីត្រៀមខ្លួនប្រលងលើកទី២។ ក្រោយ Komuro ធ្លាក់ការប្រលងលើកទី១នេះរួច គ្រប់គ្នាកំពុងរង់ចាំមើលថា ជីវិតរបស់គូស្នេហ៍ដូចក្នុងរឿងព្រេងនិទានមួយនេះនឹងក្លាយជាយ៉ាងណាបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង