សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានគម្រោងជួសជុលព្រះពុទ្ធបដិមា ចំនួន៤អង្គ នៅរួតបាកាន នៃប្រាសាទអង្គរវត្ត ដែលគម្រោងនេះ នឹងត្រូវប្រើពេល៥ខែ ក្រោមការឧបត្ថម្ភពីសប្បុរសជន។
អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងពិធីក្រុងពាលី សុំសេចក្តីសុខ ដើម្បីអនុវត្តគម្រោងនេះថា ព្រះពុទ្ធបដិមាទាំង៤អង្គ នៃរួតបាកាណកំពូលប្រាសាទអង្គរវត្ត មានបញ្ហាថមថយគុណភាព ដោយក្នុងនោះ គេពិនិត្យឃើញពីការទទួលរងនូវការខូចខាតប្រេះស្រាំ និងពុកផុយនៅចំណុចជាច្រើននៃព្រះពុទ្ឋបដិមាទាំងនោះ ដោយសារតែអាយុកាល និងទីកន្លែងនេះមានលិចជ្រាបទឹក មានដានទឹកហូរច្រោះ និងទីនេះសម្បូរទៅដោយសត្វប្រចៀវដែលលាមកនិងទឹកនោមរបស់វាសម្បូរទៅដោយជាតិអាស៊ីតផងធ្វើឱ្យពុទ្ឋបដិមានិងសំណង់សិល្បៈផ្សេងៗនៅរួតបាកាននេះ ងាយរងនូវភាពពុកផុយកាន់តែខ្លាំង។
លោកបន្តថា ដោយសារហេតុនេះ អ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាបានលើកគម្រោងស្នើសុំការជួសជុល រួមទាំងនិងសំណង់សិល្បៈផ្សេងៗដូចជាស៊ុទ្វារ បង្អួចមួយចំនួននិងរនាំងការពារក្នុងបរិវេណនៃរួតបាកានអង្គរវត្ត តាមរយៈការសហកាគាំទ្រនិងឧបត្ថម្ភថវិកាពីសប្បុរសជន ដែលគម្រោងនេះគ្រោងនឹងចាប់ផ្តើមជួសជុលនៅពាក់កណ្តាលខែធ្នូឆ្នាំ២០២១ ប្រើរយៈពេល៥ខែ ជួសជុលដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីប្រទេសអ៊ីតាលី។
លោក បន្តថា ដើម្បីសង្គ្រោះបដិមាទាំងនេះឱ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើលពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។ ដើម្បីការពារសុវត្ថិភាពនិងរក្សាប្រាសាទឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ពិសេសជាងនេះ បរិវេណនៃរួតបាកាននេះជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរដែលតែងតែគោរពបូជា និងផ្អែកទៅលើសុវត្ថិភាពនិងការងារបច្ចេកទេសអំពីសមត្ថភាពផ្ទុកនៃរួតបាកានអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យភ្ញៀវជាតិនិងអន្តរជាតិឡើងមកទីនេះក្នុងមួយពេលចំនួន៣០០នាក់ ជាមួយគ្នានោះអាជ្ញាធរអប្សរាបិទការចេញចូលទស្សនានៅទីនេះរៀងរាល់ថ្ងៃឧបោសថសីល តែអនុញ្ញាតក្នុងករណីបងប្អូនមកថ្វាយបង្គំបន់ឬលាបំណន់ផ្សេងៗ៕