×

ពលរដ្ឋ ងាក​ទៅកម្សាន្ត​នៅ​ខេត្តព្រះសីហនុ​ឡើងវិញ ធ្វើឱ្យ​ខេត្តនេះ​ជាប់លេខ២ ជាគោលដៅ​ទេសចរណ៍​សំខាន់​កាលពី​បុណ្យអុំទូក

ព្រះសីហនុ៖ បើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន មាន ប្រសាសន៍ ថា៖ ក្នុងឱកាសថ្ងៃ ឈប់ សម្រាក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១.១៤៧.៣៥៩ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១.១៣២.៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១៤.៤៥៦នាក់ ខណៈ រាជធានីភ្នំពេញ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន ១៩៩.៨៣៥នាក់ ស្ថិតក្នុងលំដាប់ ទី១ , ខេត្តព្រះសីហនុ មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន ១៤៥.០៤២ នាក់ ស្ថិតក្នុងលំដាប់ ទី២ និង ខេត្តសៀមរាប មានភ្ញៀវទេសចរចេញដើរកម្សាន្ត ចំនួន ១៤១.២១៩ នាក់ ស្ថិតក្នុងលំដាប់ ទី៣។

តួលេខនេះ បង្ហាញថា ប្រជាពលរដ្ឋ ចាប់ផ្ដើមងាកទៅកម្សាន្តនៅខេត្តព្រះសីហនុច្រើនឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ដើម្បីស្ដារសង្គមសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិសាកលលោកមួយនេះ។

សូមជម្រាបថា ខេត្តព្រះសីហនុ បានកែប្រែមុខមាត់ជាខ្លាំង បន្ទាប់ពីរដ្ឋបាលខេត្តបានរៀបចំសោភ័ណភាពខេត្តឱ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។ ជាពិសេសរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឱ្យដំឡើងថ្លៃលើសពីតម្លៃធម្មតា ព្រោះការលក់ដូរក្នុងតម្លៃសមរម្យ អាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាពរបស់បងប្អូនបានយូរអង្វែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង