តៃវ៉ាន់៖ កាលពីខែមិថុនាកន្លងទៅ Barbie Hsu បានប្រកាសដាក់ពាក្យប្តឹងលែងលះស្វាមីនាងជាផ្លូវការ ដែលព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកគ្រួសារមួយនេះតែងបង្ហាញសុភមង្គលក្នុងគ្រួសារ ដែលធ្វើឱ្យមហាជនកោតសរសើរជីវិតរបស់តួអង្គស្រីក្នុងរឿង F4 តៃវ៉ាន់នេះជាខ្លាំង។
ករណីលែងលះដែលជាការអះអាងរបស់សាមីខ្លួនខាងស្រី បែរជាស្វាមីនាងដែលជាអ្នកជំនួញបានចេញមុខបដិសេធទៅវិញ រីឯម្តាយបង្កើតរបស់ Barbie បានបញ្ជាក់ថា មិនមានបញ្ហាអ្វីធំដុំឡើយ អ្នកទាំងពីរ គ្រាន់តែអន់ចិត្តនឹងគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
រហូតមកដល់ពេលនេះទើបការពិតបានបង្ហាះដោយស្វាមីរបស់ Barbie បានលុបរូបនាងចេញពីគណនីបណ្តាញសង្គមចេញអស់ និងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ ព័ត៌មានក្នុងស្រុកបានចុះផ្សាយឱ្យដឹងថា Barbie Hsu និងស្វាមីបានឡើងតុលាការលែងលះគ្នាជាផ្លូវការហើយ។
គួរបញ្ជាក់ដែរថា បញ្ហាដែលធ្វើឱ្យឈានដល់ការលែងលះគ្នានេះ មិនមែនបញ្ហារកាំរកូសគ្នាទើបតែកើតមាននោះទេ ប៉ុន្តែពួកគេព្យាយាមលាក់បាំង និងបង្កើតរូបភាពធ្វើដូចជាគ្រួសាររីករាយប៉ុណ្ណោះ។
ទ្រព្យសម្បត្តិត្រូវបានបែងចែកដោយ Apartment ប្រណីតដែលមានតម្លៃជាង ៩០លានដុល្លារបានទៅលើ Barbie Hsu រីឯសណ្ឋគារតម្លៃជាង ៥០លានដុល្លារបានទៅលើអតីតស្វាមីតារាស្រីរូបនេះ។ ចំណែកឯទ្រព្យសម្បត្តិសេសសល់ដទៃទៀត នឹងត្រូវបែងចែកជាបន្តបន្ទាប់ផងដែរ៕