ទឹកក្រូចឆ្មារ ជាភេសជ្ជៈយើងគ្រប់គ្នាចូលចិត្ត ពិសេសនៅរដូវក្ដៅ ព្រោះមានទាំងជីវជាតិ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែគ្នាយើងដឹងអត់? ក្រូចឆ្មារ មានគុណប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព កាន់តែអស្ចារ្យ យើងអាចផឹកទឹកក្រូចឆ្មារ ជំនួសឱ្យកាហ្វេនៅពេលព្រឹកបានទៀតផង។
គុណប្រយោជន៍សំខាន់បំផុតទាំង ៥ របស់ក្រូចឆ្មារ គឺ៖
១- ក្រូចឆ្មារបង្កើនការរំលាយអាហារ
បើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ផឹកទឹកក្រូចឆ្មារនៅពេលព្រឹករៀងរាល់ថ្ងៃ អាចជួយដោះស្រាយបញ្ហានេះបាន។ ទឹកក្រូចឆ្មារ អាចជួយបំបែកអាហារនៅក្នុងក្រពះ ដើម្បីងាយនឹងរំលាយ។ ដោយសារតែធម្មជាតិទឹកក្រូចឆ្មារ មានជាតិអាស៊ីដ ទើបវាធ្វើឱ្យភ្ញោចការផលិតអាស៊ីដក្រពះ ហើយជាតិអាស៊ីដក្រូចឆ្មារ អាចជួយដល់ដំណើរការជាតិអាស៊ីដនៅក្នុងក្រពះបានល្អ។ តែយ៉ាងនេះក្ដី មនុស្សមួយចំនួន អាចទទួលបានផលខុសពីនេះ ហេតុនេះត្រូវចៀសវាងញ៉ាំទឹកក្រូចឆ្មារនៅពេលពោះ ទទេ។
២- ទឹកក្រូចឆ្មារបង្កើនការស្រូបសារធាតុរ៉ែ
វីតាមីន C ត្រូវរកឃើញក្នុងទឹកក្រូចឆ្មារ ជួយឱ្យរាងកាយស្រូបសារធាតុរ៉ែបានកាន់តែច្រើន។ គ្រាន់តែចិតក្រូចឆ្មារប៉ុន្មានចំណិត ដាក់ចូលក្នុងទឹកផឹក អាចធ្វើឱ្យរាងកាយកើនបរិមាណវីតាមីន C រួចទៅហើយ។ វីតាមីន C ជាវីតាមីនឃើញមាននៅក្នុងបន្លែ និងផ្លែឈើ។ បន្ថែមលើនេះ ជាតិរ៉ែ ត្រូវរកឃើញមានក្នុងក្រូចឆ្មារ អាចជួយជំរុញការរំលាយអាហារ កាត់បន្ថយក្រហាយទ្រូង និងកាត់បន្ថយការហើមពោះ។
៣- ក្រូចឆ្មារជួយកម្ចាត់ជាតិពុល
គុណប្រយោជន៍ធំបំផុតរបស់ក្រូចឆ្មារ ជួយបញ្ចេញជាតិពុលចេញពីរាងកាយ។ ទឹកក្រូចឆ្មារ ជាសារធាតុសម្អាតជាតិពុលបែបធម្មជាតិ ដូចនេះហើយ ទើបក្រូចឆ្មារ អាចគ្រប់គ្រងមេរោគ ដែលមានគ្រោះថ្នាក់ដល់សុខភាពបាន។ ក្រូចឆ្មារ អាចជួយដល់មុខងារថ្លើម ជួយបង្កើនសុខភាពស្បែក ថែមទាំងជួយបំបាត់ឈឺកបានតិចតួច និងជួយបញ្ហាប្រព័ន្ធដង្ហើមទៀតផង។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងមួយនៅក្នុងក្រូចឆ្មារ ហៅថា D-limonene គេក៏អាចឃើញមាននៅក្នុងក្រូចធម្មតាដែរ ដោយសារធាតុនេះ អាចបំប្លែងសារធាតុពុល មានក្នុងថ្លើម ទៅជាសារធាតុមិនបង្កគ្រោះថ្នាក់ ឬមានគ្រោះថ្នាក់តិចតួចវិញបាន។ សារធាតុនេះ រកឃើញមានច្រើនបំផុត ក្នុងសម្បកក្រូច និងក្រូចឆ្មារ។
៤- ក្រូចឆ្មារជួយសម្រកទម្ងន់
ដូចធ្លាប់លើកឡើងជារឿយៗហើយ គ្នាយើងមួយចំនួនផឹកទឹកផ្លែឈើ ធ្វើជាផ្នែកមួយក្នុងវិធីបញ្ចុះទម្ងន់។ កាន់តែពិសេស ទឹកក្រូចឆ្មារ មានជាតិ Pectin ដែលជាជាតិកាកសរសៃរលាយ អាចជួយសម្រកទម្ងន់បាន។ ការសិក្សាបានបង្ហាញដែរថា ផឹកទឹកធម្មជាតិ អាចធ្វើឱ្យកើនឡើងការធ្វើមេតាបូលីសក្នុងខ្លួន។ ការពិតទៅ ផឹកទឹកក្រូចឆ្មារក្ដៅឧណ្ហៗ រៀងរាល់ព្រឹក អាចធ្វើឱ្យយើងមានសុខភាពល្អ និងសម្រកទម្ងន់តាមបែបធម្មជាតិបាន។
៥- ជួយបំបាត់អាការឈឺពោះ
ពេលយើងញ៉ាំអាហារឆ្អែតខ្លាំងហើយចូលគេង ងាយនឹងមានបញ្ហាក្រហាយទ្រូង ឬហើមពោះ នៅពេលព្រឹកឡើង។ ទឹកក្ដៅ អាចសម្អាតប្រព័ន្ធផ្សេងៗក្នុងរាងកាយ ហើយជាតិ Flavonoid របស់ទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយជាតិអាស៊ីដនៅក្នុងក្រពះថែមទៀតផង ដូចនេះ នឹងឆាប់ជាពីបញ្ហាទាំងនោះ។ ក្រូចឆ្មារ ពេលលាយជាមួយជីអង្កាម អាចធ្វើឱ្យបាត់ការឈឺពោះ និងបន្ថយការក្អួតចង្អោរទៀតផង ធ្វើឱ្យប្រព័ន្ធភាពស៊ាំកើនឡើងដោយខ្លួនឯង៕
ប្រភព៖ Hellokrupet