×

សណ្ឋាគារ​ខ្លះ​នៅថៃ បោកបញ្ឆោត​ភ្ញៀវទេសចរ​ជាមួយ​កញ្ចប់ Thailand Pass

ថៃ៖ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា សណ្ឋាគារមួយចំនួន កំពុងបោកបញ្ឆោតភ្ញៀវទេសចរបរទេស ដោយទទួលយកការកក់បន្ទប់របស់ពួកគេ ប៉ុន្តែលុបចោល ការដឹកជញ្ជូនពីព្រលានយន្តហោះ និងការធ្វើតេស្តរកកូវីដ១៩ ដែលមានន័យថា ពួកគេត្រូវតែទិញកញ្ចប់ថ្មីនៅពេលមកដល់ បើមិនដូច្នោះទេ នឹងត្រូវបានបដិសេធចូលប្រទេសថៃ។

លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បាននិយាយកាលពីថ្ងៃចន្ទថា សណ្ឋាគារមួយចំនួន បានបំភាន់អ្នកធ្វើដំណើរ ដោយមិនរាប់បញ្ចូលសេវាដឹកជញ្ជូនពីអាកាសយានដ្ឋានទៅសណ្ឋាគារ ឬការធ្វើតេស្ត RT-PCR Covid-19 នៅពេលមកដល់ទេ ដែលវាជាលក្ខខណ្ឌសំខាន់ពីរក្នុងការចូលទៅកាន់ប្រទេសថៃ តាមរយៈ Thailand Pass ។

ទោះជាយ៉ាងណាក៏ដោយ សណ្ឋាគារទាំងនោះ បានផ្តល់ព័ត៌មានបោកបញ្ឆោតភ្ញៀវទេសចរ សម្រាប់ការអនុម័ត QR សម្រាប់ Thailand Pass ដែលចេញដោយវេបសាយក្រសួងការបរទេសថៃ។

អ្នកនាំពាក្យដដែលបានបន្តថា សណ្ឋាគារទាំងនោះ មិនបានផ្តល់ប្រាក់បង្វិលសងដល់ភ្ញៀវដែលបានលុបចោលការកក់បន្ទប់របស់ពួកគេទេ។

សូមជម្រាបថា Thailand Pass ត្រូវបានអនុវត្ត នៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលប្រទេសថៃ បើកឡើងវិញសម្រាប់ភ្ញៀវទេសចរ។ វាតម្រូវឱ្យអ្នកធ្វើដំណើរ បានចាក់វ៉ាក់សាំងពេញលេញ ធ្វើតេស្ត RT-PCR ក្នុងរយៈពេល ៧២ម៉ោងមុនពេលឡើងយន្តហោះ និងមានការធានារ៉ាប់រងសុខភាពចំនួន ៥ម៉ឺនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង