×

អង្គការ NASA ត្រៀម​លក្ខណៈ​ដើម្បី​បង្វែរទិស​របស់​អាចម៍ផ្កាយ​ដ៏​គ្រោះថ្នាក់ កុំឱ្យធ្លាក់ចំ​ផែនដី

អាមេរិក៖ វាអាចស្តាប់ហាក់ទៅដូចជារឿងហូលីវូដ ប៉ុន្តែទីភ្នាក់ងារអវកាស NASA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់បង្ហោះបច្ចេកវិទ្យាចូលទៅក្នុងលំហ ដែលនៅថ្ងៃណាមួយ វានឹងអាចបង្វែរទិសរបស់អាចម៍ផ្កាយដ៏គ្រោះថ្នាក់ មិនឱ្យធ្លាក់ចំផែនដីឡើយ។

បំណែកនៃកម្ទេចកំទីលោហធាតុ ដែលមានប្រវែងត្រឹមតែពីរបីរយម៉ែត្រប៉ុណ្ណោះ អាចបំផ្លាញទ្វីបមួយ ប្រសិនបើវាត្រូវបុកជាមួយភពផែនដីរបស់យើង។ នោះហើយជាមូលហេតុដែល Nasa កំពុងបាញ់បង្ហោះយានអវកាសតូចមួយគ្រឿង ដើម្បីចូលទៅកាន់អាចម៍ផ្កាយតូច ដើម្បីមើលថាតើល្បឿន និងទិសដៅរបស់វាអាចប្រែប្រួលកម្រិតណា។

ការបាញ់បង្ហោះយានអវកាស Dart គឺជាការប៉ុនប៉ងដំបូងដើម្បីបង្វែរទិសអាចម៍ផ្កាយ ក្នុងគោលបំណងរៀនពីរបៀបការពារផែនដី។ នេះបើយោងតាម BBC ។

Nasa កំពុងត្រៀមលក្ខណៈដើម្បីបញ្ជូនយានអវកាស Dart ទៅកាន់អាចម៍ផ្កាយ ឈ្មោះ Dimorphos ដែលបច្ចុប្បន្នវាមិនមានការគំរាមកំហែងដល់ផែនដីទេ។

នៅម៉ោង ៦:២០នាទីព្រឹកនៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រាប់រ៉ុកកែត Falcon 9 ដែលមានដឹកយានអវកាស Dart នឹងបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងបេសកកម្មតម្លៃ ៣២៥ លានដុល្លារ ដើម្បីកំណត់គោលដៅអាចម៍ផ្កាយមួយគូ ដែលគោចរជិតគ្នា។ អាចម៌ផ្កាយធំជាងគេ មានឈ្មោះថា Didymos មានប្រវែងប្រហែល ៧៨០ម៉ែត្រ ខណៈ មួយទៀតឈ្មោះ Dimorphos មានប្រវែង ១៦០ ម៉ែត្រ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង