ចិន៖ ស្ត្រីម្នាក់ ត្រូវបានមនុស្សស្ទើរមួយប្រទេសជេរដោយសារមានអ្នកយករូបនាងទៅចែករំលែកលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យដោយសរសេរអះអាងថា៖ “បុរសចំណាស់វ័យ ៧៣ឆ្នាំម្នាក់ជាអ្នកជំនួយមានទ្រព្យស្តុកមកពីខេត្តគ័ងតុង ភាគខាងត្បូងប្រទេសចិន បានរៀបការជាមួយស្ត្រីវ័យ២៩ឆ្នាំម្នាក់មកពីខេត្ត គ័ងស៊ី ដោយឱ្យថ្លៃបណ្ណាការក្នុងទឹកប្រាក់ ១៣៧.០០០ដុល្លារ ផ្ទះតម្លៃ១៣៧.០០០ដុល្លារ និងរថយន្តទំនើបមួយគ្រឿង។”
ក្រោយការចែករំលែកនោះ បងប្អូនសាច់ញាតិ ក៏ដូចជាមិត្តភ័ក្តិរបស់ម្ចាស់រូប បានយកទៅឱ្យនាងមើល។ ភ្លាមៗនាង ក៏បានចេញមកបញ្ជាក់ថា រូបថតដែលធ្វើឱ្យផ្ទុះឡើងក្នុងបណ្តាញសង្គមនោះ គឺនាងជាអ្នកផុសដោយខ្លួនឯងកាលពី៣ឆ្នាំមុនម្ល៉េះ ហើយបុរសចំណាស់ដែលនាងថតស្និទ្ធស្នាលជាមួយនោះមិនមែនជាស្វាមីអ្នកមានរបស់នាងអ្វីឡើយ គាត់គឺជាជីតារបស់នាងប៉ុណ្ណោះ។
រូបភាពមួយនោះ បានថតកាលពីឆ្នាំ២០១៨នៅពេលដែលជីតារបស់នាងបានទៅសួរសុខទុក្ខនាងនៅទីក្រុងសៀងហៃ។ នាងបានបញ្ជាក់ថា ការផុសបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកបង្កើតពាក្យចចាមអារ៉ាមមួយនេះបានជះឥទ្ធិពលអាក្រក់ខ្លាំងបំផុតដល់ជីវិតនាង ដូចនេះនាង បានទាក់ទងរកមេធាវី ដើម្បីតាមរកជនបង្កដើម្បីប្តឹង ប៉ុន្តែត្រូវបានមេធាវីឱ្យយោបល់វិញថា វាអាចនឹងត្រូវចំណាយប្រាក់ និងពេលវេលាច្រើន ដើម្បីរកអ្នកបង្កើតពាក្យចចាមអារ៉ាមនេះ។
ក្រោយពីបានឮបែបនេះហើយ នាងបាននិយាយថា ហេតុអ្វីគ្រាន់តែចង់ចាប់មនុស្សបំពុលសង្គមបែបនេះមកផ្តន្ទាទោសតាមច្បាប់ពិបាកម្ល៉េះ?
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ បើទោះជាការផុសបង្កពាក្យចចាមអារ៉ាមមួយនោះ ត្រូវបានលុបចោលក៏ដោយ ក៏អ្នកដែលបានផុសមិនមានសកម្មភាពផុសសុំទោស និងបកស្រាយបញ្ជាក់ភាពស្អាតស្អំដល់នារីរងគ្រោះឡើយ៕