×

មនុស្ស ៤៥នាក់​បានស្លា ប់ ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ប្រទេស​ប៊ុលហ្គារី

ប៊ុលហ្គារី៖ យ៉ាងហោចណាស់មនុស្សចំនួន ៤៥នាក់ រួមទាំងកុមារផងដែរ បានស្លាប់ នៅក្នុងគ្រោះថ្នាក់រថយន្តក្រុង ដែលបានឆេះនៅភាគខាងលិចប្រទេសប៊ុលហ្គារី នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្ដីរាយការណ៍មួយ ឱ្យដឹងថា មានកុមារចំនួន ១២នាក់នៅក្នុងរថយន្តក្រុងនេះ។

រថយន្តក្រុង ដែលដឹកអ្នកទេសចរត្រឡប់ទៅរដ្ឋធានី Skopje នៃប្រទេសម៉ាសេដូនៀខាងជើង បានជួបគ្រោះថ្នាក់ពីផ្លូវហាយវេ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងអណោចអធ័ម។ មនុស្សចំនួន ៧នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Sofia ដោយ រងរបួសមិនប៉ះពាល់ដល់ជីវិតឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៊ុលហ្គារី Boyko Rashkov បាននិយាយថា សពជាច្រើនបានជាប់នៅខាងក្នុងរថយន្តក្រុង ដោយត្រូវបានឆេះសល់តែធាតុប៉ុណ្ណោះ។ លោកបាននិយាយបែបនេះថា៖ “រូបភាពនេះ គួរឱ្យរន្ធត់។ ខ្ញុំមិនដែលឃើញអ្វីបែបនេះពីមុនមកទេ។”

នាយករដ្ឋមន្ត្រីម៉ាសេដូនខាងជើង លោក Zoran Zaev បានមានប្រសាសន៍ថា លោក រន្ធត់ចិត្តចំពោះសោកនាដកម្មនេះ ហើយបានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ។ ដោយឡែក នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប៊ុលហ្គារី Stefan Yanev បានសម្ដែងការសោកស្ដាយផងដែរ។

បច្ចុប្បន្ននេះ មូលហេតុ មិនមានភាពច្បាស់លាស់នោះទេ ទោះបីជាប្រធានសេវាកម្មស៊ើបអង្កេតប៊ុលហ្គារី លោក Borislav Sarafov បាននិយាយថា មូលហេតុ អាចកើតមកពីកំហុសរបស់អ្នកបើកបរ ឬបញ្ហាបច្ចេកទេសរថយន្តក្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង