×

AFF U23 Championship 2022 នឹងប្រកួត​នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ និង​កីឡដ្ឋាន​មួយទៀត​របស់​ក្លិបក្នុងស្រុក

យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។ នេះបើយោងតាមការប្រកាសផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាតកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

នេះគឺជាដំណឹងដ៏រភើបសម្រាប់បងប្អូនអ្នកគាំទ្រ កម្ពុជា ដែលទន្ទឹងរង់ចាំមើលការប្រកួតអន្ដរជាតិនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាល ទើបសាងសង់រួចរាល់កាលពីថ្មីៗ និងជាកន្លែង ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា បានខកខាន ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយលោកបានអរគុណ សហព័ន្ធ កី ឡា បាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បី រៀបចំ ព្រឹត្តិ ការណ៍នេះ។ ក្នុងនាមម្ចាស់ផ្ទះ លោកបានប្ដេជ្ញា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយ ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អបំផុត នៅ អាស៊ាន នាឆ្នាំក្រោយ។

សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគ ប្រកួត សហព័ន្ធ នឹងបញ្ជាក់នាពេលក្រោយ ។ ប៉ុន្ដែសមាជិករបស់ AFF ដែលមាន សិទ្ធិចូល រួមការប្រកួតថ្នាក់តំបន់នាពេលកន្លងមក គឺមានចំនួន ១២ ប្រទេស រួម មាន កម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលី ផងដែរ៕

ប្រភព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង