×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អបអរសាទរ! ខួបទី១៦ឆ្នាំ “ល្ខោនស្រមោលស្បែកធំ” របស់​កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាខួបទី១៦ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ(UNESCO)។

សូមបញ្ជាក់ថា សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានសាកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទកភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ដូច្នេះ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះ ម្យ៉ាងទៀតថា “ណាំងស្បែកធំ” ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង។ រូបឆ្លាក់ពីស្បែកទាំងនោះ ត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

ដោយឡែកនៅសម័យទំនើបនេះ គេយកអំពូលអគ្គីសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឱ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឱ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិជន។

ល្ខោនស្បែកធំ ជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ និងកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឱ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឫស្សីពីរដើម ដើម្បីឱ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង