×

បាក់ច្រាំង​ទន្លេ អាជ្ញាធរ​ខេត្តកណ្ដាល សម្រេច​បិទ​ចរាចរ​យានយន្ត​គ្រប់ប្រភេទ នៅលើ​កំណាត់​ផ្លូវលេខ៧០A ពីចំណុចផ្សារ​រកាកោង​ទៅដល់​គល់ស្ពាន​មុខវត្តជើង

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល បានដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ៧០A ចំណុចPK3500 ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល បានបាក់ដល់គំនូសពណ៌លឿងលើខ្នងកៅស៊ូ មានបណ្តោយប្រវែង ប្រមាណ៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ។

ដូច្នេះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចធ្វើការបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ការងារស្ថាបនាច្រាំងទន្លេ និងជួសជុលផ្លូវខាងលើ រួចរាល់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ។

ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំង ខាងលើ ត្រូវធ្វើការពង្វាងចរាចរពីគល់ស្ពានមុខវត្តជើង ទៅតាមផ្លូវ លេខ២៦០ ឡើងទៅតាមផ្លូវលោកតាកូហេ ក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង